ឯកឧត្តម ឃួង ស្រេង ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យាន ឈីវហួយ
ថ្ងៃចេញផ្សាយ: Friday, June 01, 2018, 9:54 PM
នារសៀលថ្ងៃព្រហស្បតិ៍ ០២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម យាន ឈីវហួយ ( YUAN QIUHUI ) អនុប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មទីក្រុងផ្លូវសូត្រសមុទ្រ ( Sea and Land Silk Road City Alliance Business Council ) ស្ដីពីការស្វែងយល់ពីលទ្ធភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការអំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកាត់ដេរ ការសាងសង់សណ្ឋាគារ ការនាំចេញ-ចូលវិស័យកសិកម្ម។
គួរបញ្ជាក់ផងដែរថា ៖ sea and land silk road ឬ “គម្រោងផ្លូវសូត្រមាស” គឺជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងតាមផ្លូវគោក និងផ្លូវទឹក តភ្ជាប់ពីប្រទេសមួយទៅប្រទេសមួយ ដើម្បីបង្កើតជាខ្សែបណ្តាញនៃការដោះដូរពាណិជ្ជកម្មចាប់ពីចិន តភ្ជាប់ទៅអាស៊ី និងបន្តរហូតទៅដល់តំបន់អឺរ៉ុប និងអាហ្វ្រិក ដោយគម្រោងនេះត្រូវចំណាយលុយរហូតដល់ទៅរាប់រយពាន់លានដុល្លារ ។