ទំព័រដើម  /  ពាណិជ្ជកម្ម  /  អត្ថប្រយោជន៏

អត្ថប្រយោជន៏

sample001

ចាប់តាំងពី ឆ្នាំ ១៨៦២ ភ្នំពេញបានដើរតួនាទីជារាជធានីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូតមក។ក្នុង នាមជារាជធានី នយោបាយ និងសេដ្ឋកិច្ចទីក្រុងនេះមានផលិតផលក្នុងស្រុក សរុបជា ទឹកប្រាក់ប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក (នៅឆ្នាំ ២០០៣) ដែលស្មើនឹង ២៨% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសកម្ពុជាទាំងមូល ឬ អាចនិយាយបានថា ប្រជាជនក្នុងរាជធានីភ្នំពេញម្នាក់អាចរកចំណូល បានប្រមាណ ១.១៤០ ដុល្លារ ក្នុងមួយឆ្នាំ ដែលជាអត្រាមួយខ្ពស់ជាង ៣ដងបើប្រៀបធៀបទៅ នឹងអត្រាមធ្យមនៃចំណូលរបស់ប្រជាជនកម្ពុជាម្នាក់ៗនៅ តំបន់ផ្សេងទៀតក្នុងប្រទេស។

ការលើកទឹកចិត្តចំពោះការវិនិយោគប្រកបដោយភាពប្រកួតប្រជែងខ្ពស់


ការប្រកាស ឱ្យប្រើច្បាប់ថ្មីស្តីពីការវិនិយោគមានន័យថាប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ផ្តល់នូវកញ្ចប់លើកទឹកចិត្តធុរកិច្ចដ៏ ល្អបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យព្រះរាជាណាចក្រមួយនេះក្លាយជាតំបន់សេដ្ឋកិច្ចទទួលបានការចាប់ អារម្មណ៍ ក្នុងការវិនិយោគពីគ្រប់ទិសទីនៅលើពិភពលោក។ ច្បាប់ថ្មីនេះមានលក្ខណៈពិសេសដូចខាងក្រោម ៖

  • ពន្ធលើប្រាក់ចំណេញសុទ្ធ ៩%
  • រយៈពេលអនុគ្រោះពន្ធលើប្រាក់ចំណេញរហូតដល់ទៅ ៨ ឆ្នាំ
  • ការអនុញ្ញាតឱ្យបូកយោងការខាតបង់ក្នុងអាជីវកម្មរយៈពេល ៥ ឆ្នាំជាប់ៗគ្នា
  • ការអនុគ្រោះពន្ធនាំចូល100%លើសំភារៈសំណង់ មធ្យោបាយផលិតកម្ម គ្រឿងសំភារៈបរិក្ខា ។ល។
  • ពុំមានពន្ធកាត់ទុកលើភាគលាភ
  • ការបញ្ជូនផលចំណេញត្រឡប់ទៅប្រទេសដើមវិញដោយសេរី
  • ពុំមានការធ្វើជាតូបនីយកម្ម និងការត្រួតត្រាលើការកំណត់តំលៃ
  • ពុំមានការរើសអើងរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស
  • រយៈពេលជួលដីរហូតដល់ទៅ ៧០ ឆ្នាំ

ទំហំទីផ្សារ និងការឈានចូលទីផ្សារ


តួនាទី របស់រាជធានីនិងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងសមាគមអាស៊ាននិងអង្គការ ពាណិជ្ជកម្ម ពិភពលោក បានធ្វើឱ្យទេសចរណ៍ធុរកិច្ចក្លាយជាសកម្មភាពដ៏មានសារៈសំខាន់។ ជាមួយនឹងវត្តមានបន្ទប់សណ្ឋាគារច្រើនជាង ៥០% បន្ទប់ផ្ទះសំណាក់ច្រើនជាង ៣០% និងទីភ្នាក់ងារទេសចរណ៍ច្រើនជាង ៦០% នៃបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និង ទីភ្នាក់ងារទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា រាជធានីភ្នំពេញមានសកម្មភាព ទេសចរណ៍សំខាន់ជាង គេនៅក្នុងប្រទេសកម្ពុជាដោយឈានមុខខេត្តសៀមរៀបទៅទៀត ទោះជាមានសមត្ថភាពខុសប្លែកគ្នាក្តី។ ក្នុងនាម ជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុត (LDC) កម្ពុជាបានទទួលការអនុគ្រោះក្នុងការនាំចេញផលិត ផលមួយចំនួនទៅកាន់ទីផ្សារប្រទេសមានៗបំផុតលើលោក ដូចជាផលិតផលសំលៀកបំពាក់ជាដើម។

សេដ្ឋកិច្ចបើកចំហ


សេដ្ឋកិច្ច កម្ពុជាគឺជាសេដ្ឋកិច្ចដែលមានលក្ខណៈបើកចំហបំផុតមួយនៅអាស៊ី ។ យោងតាមសន្ទស្សន៍សេរីភាព សេដ្ឋកិច្ច ដែលចងក្រងឡើងដោយមូលនិធិបេតិកភ័ណ្ឌ (Heritage Foundation) នៅសហរដ្ឋអាមេរិក បានបង្ហាញថា កម្ពុជា ទទួលបានចំណាត់ថ្នាក់ទី ៣៥ ក្នុងចំណោមប្រទេសចំនួន ១៧០ នៅឆ្នាំ ២០០៣។ ចំណាត់ថ្នាក់នេះមានភាព ប្រសើរ បើប្រៀបធៀបនឹងប្រទេសថៃ (លេខ ៤០) និងប្រទេសជិតខាងខ្លួនជាច្រើនផ្សេងទៀត (ប្រទេសម៉ាឡេស៊ីលេខ ៧២ ឥណ្ឌូនេស៊ីលេខ ៩៩ វៀតណាមលេខ ១៣៥ និងសាធារណរដ្ឋប្រជាមានិត្យប្រជាធិបតេយ្យឡាវលេខ ១៥៣)។ ក្នុង ចំណោមបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុត (LDC) នៅលើពិភពលោក ដែលមានការបង្ហាញ ក្នុងសន្ទស្សន៍ នេះ កម្ពុជាក៏ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេដែរក្នុងនាមជាប្រទេសដែលមាន ទីផ្សារពេញនិយម។

កំលាំងពលកម្មតំលៃថោក និងពេញកំលាំងដ៏សំបូរហូរហៀ


ជាមួយនឹង តំលៃពលកម្មថោក (៥០ដុល្លារក្នុងមួយខែ) អាចបណ្តុះបណ្តាលបាន និងមានកំលាំងចិត្តធ្វើការដ៏ច្រើននោះ គឺ ជាធនធានដ៏មានតំលៃនៅក្នុងការប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោកដែលកំពុងកើនឡើង ក្នុងពេលបច្ចុប្បន្ននេះ។

ទីតាំងយុទ្ធសាស្ត្រ ស្ថិតក្នុងអនុតំបន់មហាទន្លេមេគង្គ


ទីតាំងនេះស្ថិតនៅចន្លោះទីក្រុងបាងកក និងទីក្រុងហូជីម៊ិញ នៅជួរកណ្តាលពីទិសខាងកើត ទៅខាងលិច។

តំបន់អភិវឌ្ឍន៍ពិសេស


តំបន់ឧស្សាហកម្មនឹងត្រូវអភិវឌ្ឍន៍ឡើងក្នុងរាជធានីភ្នំពេញ ដែលរួមបញ្ចូលទាំងតំបន់ដំណើរការនាំចេញ និងតំបន់ ពាណិជ្ជ កម្មសេរី។

ប្រសិនបើ លោកអ្នកមានចំណាប់អារម្មណ៍ចង់ធ្វើវិនិយោគទុនក្នុងរាជធានីភ្នំពេញ សូមទំនាក់ទំនងជាមួយទីចាត់ការផែនការនិងវិនិយោគ (ការិយាល័យវិនិយោគ)នៅអាគារសាលារាជធានីភ្នំពេញ។