លោក នុត ពុធដារ៉ា ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋនៅសង្កាត់ព្រៃស
ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 9:48 AM
ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ តំណាង ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមជាគណៈអធិបតី ក្នុងពិធីចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២.៦៤៨ក្បាលដី រស់នៅក្នុងភូមិចំនួន ៨ ក្នុងសង្កាត់ព្រៃស រួមមានៈ ភូមិព្រៃធំ ភូមិព្រៃសកើត ភូមិ ប្រការ ភូមិអន្លង់គងថ្មី ភូមិអន្លង់គងចាស់ ភូមិគោកបន្ទាយ ភូមិពាម និងភូមិ ម្ភៃបួន។
ក្រោយពីលោក ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានធ្វើការ ណែនាំអំពីនីតិវិធីសម្រាប់ការមកទទួលប័ណ្ណកម្មសិទ្ធិរួចមក លោក នុត ពុធដារ៉ា ក្នុងនាមឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានធ្វើការអបអរសារទរចំពោះការទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ហៅថាប្លង់រឹង របស់បងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ ដែលនេះជាការយកចិត្តទុកដាក់របស់ ឯកឧត្តមអភិបាល រាជធានីភ្នំពេញ អំពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការកាន់កាប់ ប្រើប្រាស់ដីធ្លីរបស់ខ្លួនជាផ្លូវការ។ លោក អភិបាលខណ្ឌបានបន្តលើកឡើងអំពីសារៈសំខាន់នៃការប្រើប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ នេះ ដែលបញ្ជាក់អំពីភាព ស្របច្បាប់នៃការកាន់កាប់ដីធ្លី ងាយស្រួលក្នុងការស្នើសុំសាងសង់ ការដាក់បន្ទុកដើម្បីខ្ចីប្រាក់ពីធនាគារជាដើម។ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋថែរក្សាប័ណ្ណនេះឲ្យបានត្រឹមត្រូវ ចៀងវាងការធ្វេសប្រហែសបណ្តាលឲ្យ បាត់បង់ ឬខូចខាតដែលអាចនឹងបង្ករឲ្យមានផលលំបាកក្នុងការគ្រប់គ្រងដីធ្លីរបស់បងប្អូន។