ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  កិច្ចប្រជុំ​សាមញ្ញលើក​ទី៥ របស់ក្រុមប្រឹក្សារាជធ...

កិច្ចប្រជុំ​សាមញ្ញលើក​ទី៥ របស់ក្រុមប្រឹក្សារាជធានី​ភ្នំពេញ​អាណត្តិ​ទី២

ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:18 AM

ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិ២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សា និងជាប្រធានអង្គប្រជុំ អង្គប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញចំនួន ១៩រូប លើ២១រូប (អវត្តមាន២រូប មានច្បាប់អនុញ្ញាត១រូប និងសុំលាលែងពីមុខតំណែង ១រូប) គណៈអភិបាលរាជធានីភ្នំពេញចំនួន ៤រូប លើ៧រូប នាយក នាយករងរដ្ឋបាល នាយក នាយិកាទីចាត់ការសាលារាជធានីភ្នំពេញ និងប្រធានមន្ទីរ-អង្គភាព​ជុំវិញ​សាលា​រាជធានី​ភ្នំពេញ​ចំនួន ៥៣រូប ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងប្រជាពលរដ្ឋចំនួន ៩រូប សរុប​វត្តមាន​ទាំង​អស់​ចំនួន ៨៥រូប ។
កិច្ចប្រជុំក្រុមប្រឹក្សានេះមានរបៀបវារៈ

 

  • របៀបវារៈរួម ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តគាំទ្រ ១៩ លើ១៩រូប។
  • របៀបវារៈ ទី១ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិទី២ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ដោយសម្លេងគាំទ្រ ១៨ លើ១៩រូប (មិនគាំទ្រ១រូប) ឯកភាពតាមខ្លឹមសារដើមនៃសេចក្តីព្រាង ។
  • របៀបវារៈទី២ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តរបាយការណ៍ប្រចាំត្រីមាសទី៣ ស្តីពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ដែលអានជូនដោយ លោក មាន ចាន់យ៉ាដា នាយក ​រដ្ឋបាល​សាលារាជធានី​ភ្នំពេញ​ដោយ​សម្លេង​គាំទ្រ ១៩ លើ១៩រូប ឯកភាពតាមខ្លឹមសារដើមនៃសេចក្តីព្រាង ក្រោយពីបានកែសម្រួលនូវចំណុចមួយ​ចំនួន។
  • របៀបវារៈ ទី៣ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តសេចក្តីសម្រេច ស្តីពី​ការ​បង្កើត​ក្រុមការងារ​កសាងផែនការ​អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ រាជធានីភ្នំពេញ និង​ប្រតិទិន​ការងារ​សម្រាប់​ការ​កសាង​ផែន​ការ​អភិវឌ្ឍន៍​រាជធានីភ្នំពេញ (២០១៥-២០១៩) ដោយសំឡេងគាំទ្រ ១៩ លើ១៩រូប ឯកភាព​តាម​ខ្លឹមសារ​ដើមនៃ​សេចក្តី​ព្រាង ។

ជាមួយ នេះដែរ អង្គប្រជុំបានកោតសរសើរដល់គណៈអភិបាលរាជធានីភ្នំពេញ ដែល​បានអនុវត្ត​ការងារ​បាន​ល្អ​ប្រសើរ និង​បានលើកឡើងនូវការងារមួយចំនួន រួមមាន៖

  1. ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ មានភាពយឺតយ៉ាវ ។
  2. ស្នើរសុំផ្តល់តារាងបញ្ជីរាយនាមឈ្មោះរបស់បុគ្គលិកមន្ត្រីរាជការសាលារាជធានីភ្នំពេញជូនក្រុមប្រឹក្សាបានជ្រាប
  3. ចាត់វិធានការ ផ្លូវច្បាប់ចំពោះអ្នកបើកបរហូបគ្រឿងស្រវឹង និងសេធគ្រឿងញៀនញ ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​ដល់បាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋ ។
  4. ជួយ អន្តរាគមន៍ទៅរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការតបណ្តាញទឹកស្អាត នៅភូមិត្រពាំងរាំង ខណ្ឌសែនសុខ ព្រោះមិនទាន់មានទឹកស្អាតប្រើប្រាស់ ។
  5. ចាត់ក្រុមការងារចុះត្រួតពិនិត្យអាជិវកម្មបូមខ្សាច់ និងដី ដើម្បីទប់ស្កាត់ការជីករណ្តៅជ្រៅពេក ។
  6. ចាត់វិធានការផ្លូវច្បាប់ចំពោះរថយន្តធុនធ្ងន់ដឹកដី មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។

ឆ្លើយតបនឹងការលើកឡើងខាងលើ ឯកឧត្តម សេង រតនៈ អភិបាលរង និង​ជា​តំណាង​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បាន​បកស្រាយ និងបំភ្លឺជូនអង្គប្រជុំបានជ្រាបពីចំណាត់ការកន្លងមក និង​នៅ​ពេល​ខាងមុខ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ព្រមទាំង​ទទួល​យក​នូវ​អនុសាសន៍​ដែល​អង្គ​ប្រជុំ​បាន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​ ការងាររដ្ឋបាល​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បីធ្វើការកែសម្រួល ។
នាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា​ដែល​មាន​វត្តមាន​ក្នុងអង្គប្រជុំ ហើយក៏បានជំរាបជូនអង្គប្រជុំពីការត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំដដែលនេះ ។