ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ក្រុមប្រឹក្សារាជធានី  /  កិច្ចប្រជុំ​សាមញ្ញលើក​ទី៤ របស់ក្រុមប្រឹក្សារាជធ...

កិច្ចប្រជុំ​សាមញ្ញលើក​ទី៤ របស់ក្រុមប្រឹក្សារាជធានី​ភ្នំពេញ​អាណត្តិ​ទី២

ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:25 AM

ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិ២ បានបើកកិច្ចប្រជុំសាមញ្ញលើក ទី៤ នាព្រឹកថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០១៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងជាប្រធានអង្គប្រជុំ អង្គ​ប្រជុំ​នេះ​មានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញចំនួន ២១រូប លើ២១រូប គណៈ​អភិបាល​រាជធានី​ភ្នំពេញចំនួន ២រូប លើ៧រូប នាយក នាយករងរដ្ឋបាល នាយក នាយិកាទីចាត់ការសាលារាជធានីភ្នំពេញ និង​ប្រធាន​មន្ទីរ-អង្គភាពជុំវិញសាលារាជធានីភ្នំពេញចំនួន ៥១រូប ព្រមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាល និង​តំណាង​ប្រជា​ពល​រដ្ឋ​​ចំនួន ៩រូប សរុបវត្តមានទាំងអស់ចំនួន ៨៣រូប ។ កិច្ច ដំណើរការ និងនីតិវិធីនៃកិច្ចប្រជុំសាមញ្ញលើកទី២ នេះបានប្រព្រឹត្តត្រឹមត្រូវតាមប្រកាសលេខ១៦២៣ប្រក ចុះ​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៤។

កិច្ចប្រជុំក្រុមប្រឹក្សានេះមានរបៀបវារៈ

  • របៀបវារៈ រួម ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តគាំទ្រ ១៥ លើ២១សម្លេង (មិនគាំទ្រ ៦សម្លេង ដោយ​ដើរ​ចេញ​ពី​កិច្ច​ប្រជុំចាប់ពីរបៀបវារៈទី១) ។
  • របៀបវារៈ ទី១ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិទី២ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ដោយសម្លេងគាំទ្រ ១៥ លើ១៥សម្លេង ឯកភាព​តាម​ខ្លឹមសារ​ដើម​នៃសេចក្តីព្រាងទាំងស្រុង ក្រោយពីបានកែសម្រួលនូវចំណុចមួយចំនួន ។
  • របៀបវារៈទី២ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តរបាយការណ៍ប្រចាំខែសីហា ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ដែលអានជូនដោយ លោក ហួត ហៃ នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ដោយ​សម្លេង​​គាំទ្រ ១៥ លើ១៥​សម្លេង ឯកភាពតាមខ្លឹមសារដើមនៃសេចក្តីព្រាង ក្រោយ​ពី​បាន​កែ​សម្រួល​នូវ​ចំណុច​មួយ​ចំនួន ។
  • របៀបវារៈទី៣ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សារាជធានី ភ្នំពេញ អាណត្តិទី២ ដោយ​សម្លេង​គាំទ្រ ១៥ លើ​១៥​សម្លេង ឯកភាពតាមខ្លឹមសារដើមនៃ​សេចក្តី​ព្រាងទាំងស្រុង ។
  • របៀបវារៈទី៤ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានអនុម័តសេចក្តីសម្រេច ស្តីពី​ការបង្កើត​គណៈ​កម្មាធិការ​លទ្ធកម្ម​របស់​ក្រុមប្រឹក្សា​រាជធានី ភ្នំពេញ អាណត្តិទី២ ដោយសម្លេងគាំទ្រ ១៥ លើ១៥សម្លេង ឯកភាពតាមខ្លឹមសារដើម នៃសេចក្តីព្រាងទាំងស្រុង ។
  • របៀបវារៈទី៥ ពិភាក្សាអំពីការរៀបចំគណៈកម្មការ ឬ ក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅតាមខណ្ឌទាំង១២ ។ ជាមួយនេះដែរ អង្គប្រជុំ​បាន​កោត​

សរសើរ​ដល់​គណៈអភិបាល​រាជធានីភ្នំពេញ ដែលបានអនុវត្តការងារបានល្អប្រសើរ ហើយក៏បាន​លើកឡើង​នូវ​បញ្ហា​មួយ​ចំនួន រួមមាន៖

  1. ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ មានភាពយឺតយ៉ាវ ។
  2. ការប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី នៅតាមគោលដៅសំខាន់ៗ ក្នុងខណ្ឌទាំង១២ មិនបានទាន់ពេលវេលា។
  3. ធ្វើការ ត្រិះរិះឱ្យបានល្អិតល្អន់ក្នុងការបង្កើតគណៈកម្មការ និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ នៅតាមខណ្ឌទាំង១២ ដើម្បីឆ្លើយតបនឹងសំណើ សំណូមពរ របស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងវេទិកាបានទាន់ពេលវេលា ។

ឆ្លើយតបនឹងការលើកឡើងខាងលើ ឯកឧត្តម សេង រតនៈ អភិបាលរង និងជាតំណាង​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បានបកស្រាយ និងបំភ្លឺជូនអង្គប្រជុំបានជ្រាបពីចំណាត់ការកន្លងមក និងនៅ​ពេល​ខាងមុខ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមទាំងទទួល​យកនូវអនុសាសន៍​ដែលអង្គ​ប្រជុំបានលើកឡើងពាក់ព័ន្ធនឹងការងារ​ រដ្ឋបាលរបស់​សាលារាជធានី​ភ្នំពេញ ដើម្បី​ធ្វើការកែសម្រួល ។
នាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា​ដែល​មាន​វត្តមាន​ក្នុងអង្គប្រជុំ ហើយក៏បានជំរាបជូនអង្គប្រជុំពីការត្រៀមរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំដដែលនេះ ។