សាលារាជធានីសហការជាមួយក្រសួង សាធារណការគ្រោងបើកផ្លូវ២ខ្សែនៅអមសងខាងផ្លូវរថភ្លើងដើម្បីរំដោះចរាចរណ៍ផ្លូវសហព័ន្ធរុស្ស៊ី
ថ្ងៃចេញផ្សាយ: Thursday, December 12, 2019, 12:11 PM
រដ្ឋបាលរាជធានីភ្នំពេញសហកាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងបើកផ្លូវ២ខ្សែនៅអមសងខាងផ្លូវរថភ្លើងដើម្បីរំដោះចរាចរណ៍ផ្លូវសហព័ន្ធរុស្ស៊ី ខណៈដែលផ្លូវសហព័ន្ធរុស្ស៊ីបាននឹងកំពុងជួបបញ្ហាកកស្ទះចរាចរណ៍រាល់ថ្ងៃ។
ដើម្បីជំរុញឲ្យគម្រោងនៃការស្ថាបនាផ្លូវ២ខ្សែនេះទទួលបានជោគជ័យ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី១១ ធ្នូ ២០១៩ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ ដោយជិះរថភ្លើងតាមបណ្តោយផ្លូវរថភ្លើងចាប់ពីរ៉ាមុខសត្យមុនីចេតីយ៍រហូតទៅដល់ផ្លូវកប់ស្រូវ(មហាវិថីឈ្នះឈ្នះ)។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាក្នុងគម្រោងនៃការស្ថាបនាផ្លូវ២ខ្សែនេះ គឺមិនអាចផ្ដាច់បានជាមួយនឹងការស្ថាបនាផ្លូវរថភ្លើងនោះទេ ដោយសារថាផ្លូវរថភ្លើងមានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះតែការដឹកជញ្ជូនតាមរថភ្លើងមានតម្លៃថោក ហើយវាក៏មិនធ្វើឲ្យខូចផ្លូវជាតិផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថាការចុះ ពិនិត្យនេះធ្វើឡើងដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវមេតុងអាមេ អមសងខាងផ្លូវរថភ្លើងចាប់ពីចំណុចមហាវិថីគឹមអ៊ីលសុង ដល់វិថីឈ្នះឈ្នះ(ហៅផ្លូវទំនប់កប់ស្រូវ) តភ្ជាប់ទៅផ្លូវល្បឿនលឿនរាជធានីភ្នំពេញ–ខេត្តព្រះសីហនុដើម្បីរំដោះការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននៅលើផ្លូវសហព័ន្ធរុស្សី ក៏ដូចជាដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនិងសម្រួលដល់ការដឹកទំនិញឆ្លងកាត់ចូលក្នុងរាជធានីភ្នំពេញផងដែរ
ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងសហការជាមួយសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនរាជាយស្ម័យយានកម្ពុជាធ្វើការសិក្សាលទ្ធភាពនិងផលប៉ះពាល់កំណាត់ផ្លូវនេះដើម្បើលើកសំណើដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនិងស្វែងរកថវិកាសាងសង់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់ផ្លូវដែកដែលអាចដឹកជញ្ជូនទំនិញធុនធ្ងន់បានយ៉ាងមានប្រសិទ្ធភាពក្នុងតម្លៃថោក និងអាចទាក់ទាញការវិនិយោគពីបរទេសបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។