ប្រធានក្រុមហ៊ុនជីបម៉ុង ប្រគល់ថ្នាំបុរាណចិន ទឹកបរិសុទ្ធ និងភេជ្ជះ ជូនរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩
ថ្ងៃចេញផ្សាយ: Tuesday, June 29, 2021, 4:25 PM
ថ្នាំបុរាណចិន Lianhua Qingwen ចំនួន ៥.០០០បន្ទះ ទឹកបរិសុទ្ធចំនួន ៣.០០០កេស និងភេជ្ជះចំនួន១.០០០កេស ត្រូវបានអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជាប្រធានក្រុមហ៊ុនជីប ម៉ុង និងលោកជំទាវ បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវិដ-១៩ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគ កូវីដ-១៩។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមវត្តមាន ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈ អភិបាលរាជធានី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា និងលោកជំទាវដែលបានឧបត្ថម្ភ ថ្នាំបុរាណចិន Lianhua Qingwen ចំនួន ៥.០០០បន្ទះ ទឹកបរិសុទ្ធចំនួន ៣.០០០កេស និងភេជ្ជះចំនួន ១.០០០កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមជួយទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតតួរនិងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបហានិភ័យ នៃការាតត្បាត ពីមេរោគកូវីដ-១៩។ សមានចិត្តដ៏ប្រពៃនេះ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕