សប្បុរសជន៤៤រូប ប្រគល់ថវិកាជាង ១ម៉ឺនដុល្លា ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា នៅរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Tuesday, June 29, 2021, 3:50 PM
លោកស្រី កែវ មុំ តំណាងអោយសមាជិក សមាជិកា សមាគមកាយឬទ្ធិកម្ពុជា និងសមាគមសមាធិព្រះធម្មកម្ពុជា ចំនួន៤៤រូប បាននាំយកថវិកា ចំនួន ១២.០៦៨ដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចូលរួមទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា នៅរាជធានីភ្នំពេញ។
ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី កែវ មុំ តំណាងឱ្យសមាជិក សមាជិកា សមាគមកាយឬទ្ធិកម្ពុជានិងសមាគមសមាធិព្រះធម្មកម្ពុជា នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ហួត ហៃ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ អស់លោក លោកស្រី ក្នុងសមាគមកាយឬទ្ធិកម្ពុជា និងសមាគមសមាធិព្រះធម្មកម្ពុជា ចំនួន៤៤រូប ដែលបានឧបត្ថម្ភថវិកា ចំនួន ១២.០៦៨ដុល្លារ ជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចូលរួមទិញគ្រែ ដើម្បីទុកជូនអ្នកជំងឺកូវីដ-១៩ សំរាកព្យាបាលនៅតាមមណ្ឌលព្យាបាលនានា នៅរាជធានី ភ្នំពេញ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩(Covid-19)” សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕