រដ្ឋបាលរាជធានីភ្នំពេញ និងកងទ័ពជើងគោក បន្តដឹកស្បៀង ចែកជូនពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ជិត២ម៉ឺនគ្រួសារ
ថ្ងៃចេញផ្សាយ: Wednesday, April 28, 2021, 5:18 PM
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក ដើម្បីចែកស្បៀង ជូនទៅប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ។
សម្រាប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោក ដោយកងកម្លាំងកងទ័ពបានបន្តដឹកជញ្ជូនស្បៀង ជូនទៅប្រជាពលរដ្ឋបានចំនួន ១៧.៣៥០គ្រួសារ នៅតាមខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក ដោយកងកម្លាំងកងទ័ព បានបន្តដឹកជញ្ជូនស្បៀង ជូនទៅប្រជាពលរដ្ឋចំនួន ១៧.៣៥០គ្រួសារ ក្នុងនោះបានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យ ចំនួន ៤.៣០០គ្រួសារ, នៅពោធិ៍សែនជ័យ ចំនួន ៤.៥០០គ្រួសារ, ខណ្ឌដង្កោ ចំនួន ៥៥០គ្រួសារ, ខណ្ឌសែនសុខ ១.០០០គ្រួសារ, ខណ្ឌព្រែកព្នៅ ១.០០០គ្រួសារ, ខណ្ឌ ឬស្សីកែវ ចំនួន ១.០០០គ្រួសារ, ខណ្ឌជ្រោយចង្វា ១.០០០គ្រួសារ, ខណ្ឌដូនពេញ ចំនួន៧០០គ្រួសារ, ខណ្ឌ៧មករា ចំនួន៥០០គ្រួសារ, ខណ្ឌទួលគោក ចំនួន ៥០០គ្រួសារ, ខណ្ឌចំការមន ចំនួន ៥០០គ្រួសារ, ខណ្ឌបឹងកេងកង ចំនួន ៥០០គ្រួសារ, ខណ្ឌច្បារអំពៅ ចំនួន៨០០គ្រួសារ និងខណ្ឌកំបូល ចំនួន ៥០០គ្រួសារ។
គួរបញ្ជាក់ថាកងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន ២០៦នាក់ និងរថយន្ត ៦២គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀង ពីសាលារាជធានីភ្នំពេញ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ មានដូចជា៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕