ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ដីទំហំជាង ៤...

រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ដីទំហំជាង ៤.៣០០ម៉ែត្រការ៉េ កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត

ថ្ងៃចេញផ្សាយ: Tuesday, December 24, 2024, 3:04 PM

img24122417 img2412241

រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ដីទំហំជាង ៤.៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ កសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីអោយសមាគមបានបំពេញការងារកាន់តែល្អប្រសើរមួយកំរិតថែមទៀត។

          នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញខណៈឯកឧត្តម និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តបាន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៣របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលមន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។

          ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី បានលើកឡើងថា៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជាតំណាងប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ លើកិច្ចការងារបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ដូច្នេះដើម្បីអោយការងារកាន់តែល្អប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសំរេចប្រគល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនេះឡើង។

          ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ សន្និបាតនេះមានគោលបំណងសរុបវាយតម្លៃ ពិនិត្យវឌ្ឍនៈភាពការងារ និងបញ្ហាប្រឈមនានារបស់សមាគមក្រុមប្រឹក្សារាជធានី ខេត្ត សម្រេចបានកន្លងមក។ សមាគមក្រុមប្រឹក្សារាជធានី ខេត្តត្រូវបានបង្កើតឡើងតាមរយៈអង្គសន្និបាតនាថ្ងៃទី២៧ និង២៨  មីនា ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ ដោយគិតមកដល់ពេលនេះបានរយៈពេល១១ឆ្នាំហើយ។

          ឯកឧត្ដម  ឃួង ស្រេង អភិបាលរាជធានីបានបន្តទៀតថា៖ យើងបានបញ្ជប់វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានមតិ យោបល់ សំណើរនិងសំណូមពរជាច្រើនពីប្រជាពលរដ្ឋមកដោះស្រាយ ជាមួយនិងការអភិវឌ្ឍរាជធានីភ្នំពេញអោយរីកចំរើនបន្ថែមទៀត ដែលនេះពិតជាបានបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។

          ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានមានប្រសាសន៍លើកឡើងថា ៖ អង្គមហាសន្និបាតនេះ នឹងប្រព្រឹត្តទៅមានរយៈពេលមួយថ្ងៃកន្លះ ដោយមានការបោះឆ្នោត និងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។

          ឯកឧត្ដម​ ម៉ប់ សារិន បានបន្តថា៖ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងជាពិសេសគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាត នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។ ផ្នែកតាមមាត្រា៨ នៃលក្ខន្តិកៈដែលបានកំណត់ថា មហាសន្និបាតសមាគមជាតិត្រូវរៀបចំឡើងរៀងរាល់ ៥ ឆ្នាំ ម្តងនៅប្រទេសកម្ពុជា។ មហាសន្និបាតសមាគមជាតិសម្រាប់អាណត្តិទី៣នេះ មានគោលបំណងបូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងអាណត្តិទី២ រយៈពេល ៥ ឆ្នាំកន្លងមក គឺឆ្នាំ ២០១៩-២០២៤។ បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ និងសមាជិកក្រុមប្រឹក្សាជាតិរបស់សមាគមជាតិ។ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១ សម្រាប់អាណត្តិទី៣ របស់សមាគមជាតិ។

          ជាមួយគ្នានេះឯកឧត្ដម ម៉ប់ សារិន ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម   ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ ដើម្បីសាងសង់អគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងការបំពេញការងាររបស់សមាគម ដោយគ្រោងសាងសង់នៅក្នុងឆ្នាំ២០២៥នេះ។

ឯកឧត្ដម ម៉ប់ សារិន ក៏បានថ្លែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជាដែលបានបរិចាកថវិកាចំនួន៣ម៉ឺនដុល្លារសម្រាប់ចូលរួមសាងសង់អគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនេះផងដែរ៕

img2412244 img2412245 img2412246 img2412247 img2412248 img24122432 img24122431 img24122425 img2412249 img24122410 img24122411 img24122412 img24122414 img24122415 img24122416 img24122417 img24122418 img24122419 img24122436 img24122435 img24122420 img24122421 img24122422 img24122423 img24122424 img24122426 img24122427 img24122428 img24122429 img24122430 img24122433 img24122434 img24122437 img24122438 img24122439 img24122440