ក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ប្រគល់រម៉កកង់បីពិសេស និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាល ជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩
ថ្ងៃចេញផ្សាយ: Friday, June 25, 2021, 11:18 AM
ក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab បានប្រគល់រម៉កកង់បីពិសេស ចំនួន ៣គ្រឿង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាល ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈនៅឡើយ។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមវត្តមាន ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុុជា នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ហួត ហៃ ក្នុងឱកាសនោះបានថ្លែងថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ដែលបានផ្តល់ជូននូវរម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ៣គ្រឿង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាលជាច្រើនមុខទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយដឹកជញ្ជូន និងបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។
គួរបញ្ជាក់ថា ៖ ក្រុមហ៊ុន Bajaj (ហនុមានអូតូត្រេឌីង ឯ.ក ) បានប្រគល់រម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ៣គ្រឿង ហើយក្រុមហ៊ុន Grab ហ្គ្រេប (ខេមបូឌា) ឯ.ក បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នូវអាវការពារ សម្រាប់បុគ្គលិកសុខាភិបាល ដែលមានដូចជា អាវការពារសម្រាប់បុគ្គលិកសុខាភិបាល ចំនួន៨០០០សម្រាប់,ម៉ាស់ប្រភេទ NK95 ចំនួន ៨.០០០ម៉ាស់ ,មួកការពារ សម្រាប់បុគ្គលិកសុខាភិបាលចំនួន៨.០០០មួក ,ស្រោមស្បែកជើង សម្រាប់បុគ្គលិកសុខាភិបាល ចំនួន ៨.០០០គូ៕