ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យកងកម្លាំង ន...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹង សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាល ប្រកាសដាក់ប្រទេសជាប្រក្រតីឡើងវិញ

ថ្ងៃចេញផ្សាយ: Tuesday, December 21, 2021, 10:19 AM

img20122112 img2012212

 

 

 

 

 

             ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសទាំងមូលជាប្រក្រតីឡើងវិញ ពិសេសកងកម្លាំង និងអាជ្ញាធរ ត្រូវរក្សាឱ្យបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យ Christmas និងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

            ការជំរុញរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខាងលើនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងកងកម្លាំង មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង ១៤ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរការជាប្រក្រតីភាពឡើងវិញ។ ដូច្នេះរាល់សកម្មភាពនានាវានឹងកើតឡើងវិញ ទាំងបទល្មើសផ្សេងៗ ទាំងល្បែងស៊ីសងគ្រប់ប្រភេទ ទាំងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ។ ដូច្នេះ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំងអស់ត្រូវពង្រឹងឡើងវិញ ពិសេស បង្ក្រាបឱ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងជាដើម ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើង។

            ឯកឧត្ដមបន្តថា ពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវរាយការណ៍ពីគោលដៅកកស្ទះនៅក្នុងមូលដ្ឋានរបស់ខ្លួន បើដោះមិនចេញត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះ។ ពិធីបុណ្យចូលឆ្នាំសកលនេះ បងប្អូនប្រជាពលរដ្ឋ នឹងសម្រុកចាកចេញពីលំនៅដ្ឋាន ដើម្បីឆ្លងឆ្នាំ ដែលវានឹងធ្វើឱ្យតំបន់ប្រឈមមួយចំនួនមានការកកស្ទះចរាចរ។ ដូច្នេះក្នុងនាមយើងជាអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវសម្រួលចរាចរជូនបងប្អូនប្រជាពរដ្ឋ ដើម្បីឱ្យពួកគាត់បានសប្បាយរីករាយនៅក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ។

            ក្នុងឱកាសនោះដែរ ឯកឧត្ដម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងដែរថា នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំនេះ សមត្ថកិច្ច នឹងប្រើប្រាស់កម្លាំងចំនួន ១.១៦៥នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ស ថេត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយឯកឧត្តម តែងបានចុះផ្ទាល់លើការត្រួតពិនិត្យកងកម្លាំងដែលត្រូវប្រចាំនៅតាមគោលដៅនានានៅក្នុងរាជធានីភ្នំពេញ ដែលនេះបង្ហាញឱ្យឃើញពីភាពខ្លាំងនៃការដឹកនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ៕

img2012213 img2012218 img2012217 img2012214 img2012216 img2012215 img20122111 img20122110 img2012211 img2012219