សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូន មន្ត្រីរាជការ ,មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសុខាភិបាល,បុគ្គលិកស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្តជាង ១.៥០០នាក់
ថ្ងៃចេញផ្សាយ: Monday, September 20, 2021, 5:46 PM
អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករ ស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដែលត្រូវទទួលបានអំណោយនេះមានចំនួនសរុប ១.៥៤៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម ,មីចំនួន ០១កេសតូច និងត្រីខ ចំនួន ០១យួរ ។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំដល់ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវជំរុញអោយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាល បុគ្គលិកសុខាភិបាលស្ម័គ្រចិត្ត និងកម្មករស្ម័គ្រចិត្ត នៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅទូទាំងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អបន្ថែមទៀត ដើម្បីសុខមាលភាពប្រជាពលរដ្ឋរបស់យើង៕