ម៉ូតូដឹកសំរាមបែបទំនើបចំនួន១០៦គ្រឿង ត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញប្រគល់ជូនសង្កាត់ទាំងអស់រួចរាល់ហើយ នៅល្ងាចថ្ងៃទី១៨កុម្ភះនេះ
ថ្ងៃចេញផ្សាយ: Wednesday, February 19, 2020, 11:59 AM
អ្វីដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រគល់ម៉ូតូដឹកសំរាម បែបទំនើបជូនដល់បណ្ដាសង្កាត់ទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ មកដល់ល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានប្រគល់គ្រប់ចំនួនអស់ហើយ ជាមួយនឹងការប្រគល់ម៉ូតូដឹកសំរាម១គ្រឿងទៀតទៅអោយរដ្ឋាករស្វយ័តផ្សារធំថ្មីផងដែរនោះ ដោយសរុបទាំង១០៦គ្រឿង។
អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ ក្នុងពិធីប្រគល់ម៉ូតូកង់បីដឹកសំរាមបែបទំនើប នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានបញ្ជាក់អោយដឹងថា ម៉ូតូដែលប្រគល់ជូននាល្ងាចនេះមានចំនួន២៨គ្រឿង ហើយនេះជាលើកទី៣ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ម៉ូតូប្រភេទនេះទៅឲ្យបណ្ដាសង្កាត់ចំនួន១០៥នៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាលើកចុងក្រោយផងដែរ ដើម្បីយកទៅធ្វើសកម្មភាពដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញឱ្យមានលក្ខណៈល្អប្រសើរឡើងមួយកម្រិតថែមទៀត។
គួរបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ពិសេសដើម្បីចូលរួមប្រមូលសំរាមក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានឧបត្ថម្ភម៉ូតូដឹកសំរាម បែបទំនើបចំនួន៣លើកមកហើយ លើកទី១ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី បានប្រគល់ម៉ូតូដឹកសំរាមប្រភេទទំនើបនេះ ជូនដល់ខណ្ឌចំនួន៤ គឺខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេង កង។ លើកទី២ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង បានប្រគល់ម៉ូតូដឹកសំរាមនេះជូន ខណ្ឌច្បារអំពៅ ចំនួន៦គ្រឿង, ខណ្ឌពោធសែនជ័យ ចំនួន ៧គ្រឿង, ខណ្ឌមានជ័យចំនួន ៧គ្រឿង ខណ្ឌទួលគោក ចំនួន ១០គ្រឿង, ខណ្ឌ៧មករា ចំនួន ៣គ្រឿង, ខណ្ឌសែនសុខ ចំនួន ៦គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មី ចំនួន ១គ្រឿង និងលើកទី៣នេះ ឯកឧត្តម កើត ឆែ បានប្រគល់ម៉ូតូដឹកសំរាមនេះបង្គ្រប់ចំនួន២៨គ្រឿងទៀតទៅសង្កាត់មួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយក៏លើកទីបញ្ចប់ផងដែរ៕