ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសណ្តរស្ទឹងព្រែកត្នោត
ថ្ងៃចេញផ្សាយ: Wednesday, November 17, 2021, 8:56 AM
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ ដោយយកទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ចំនួន៣ខណ្ឌនៅជាយរាជធានីភ្នំពេញ ខណៈដែលការផ្តល់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញមិនទាន់គ្រប់គ្រាន់នៅឡើយនោះ។
ការស្នើបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខណៈដែលឯកឧត្តម អនុញ្ញាតឱ្យ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចូលសំដែងការសួរសម និងជំរាបរាយការណ៍ជូនពីបច្ចុប្បន្នភាពការងារ នៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ខ្ញុំមិនមែនជាជំនាញពាក់ព័ន្ធនឹងការងារផលិតទឹកស្អាតនោះទេ ប៉ុន្តែអ្វីដែលខ្ញុំមើលឃើញនោះគឺចង់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅឱ្យ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌ៣នៅជាយក្រុង ក្នុងនោះមានខណ្ឌកំបូលខណ្ឌ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។ ការងារនេះ ឯកឧត្តម ឃួង ស្រេង ស្នើឱ្យខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសហការជាមួយនឹងក្រសួងធនធានទឹក ដើម្បីសិក្សា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ពិសេស ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវណែនាំអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យពីការយកតម្លៃទឹកស្អាតពីបងប្អូនកម្មករ កម្មការិនី នៅតាមផ្ទះជួល ដោយឯកឧត្តមស្នើឱ្យអាជ្ញាធរធ្វើយ៉ាងណាសម្របសម្រួលជាមួយម្ចាស់ផ្ទះជួល ដើម្បីកុំឱ្យពួកគាត់យកតម្លៃទឹកស្អាតថ្លៃហួសហេតុពេក គឺត្រឹមតែយកតម្លៃផ្ទះជួលបានហើយ កុំយកចំណេញពីទឹកប្រើប្រាស់ថែមទៀត។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា មានកម្មករ កម្មការិនី រោងចក្រប្រមាណជាង៦០ម៉ឺននាក់បាននឹងកំពុងបំពេញការងារនៅតាមបណ្តារោងចក្រនានា នៅក្នុងរាជធានីភ្នំពេញ ហើយពួកគាត់ភាគច្រើនមកជួលផ្ទះគេស្នាក់នៅ។ ក្នុងនាមជាអាជ្ញាធរយើងត្រូវគិតពីសុខទុក្ខរបស់ពួកគាត់។
ពាក់ព័ន្ធទៅនឹងការជីកកកាយទ្រូងផ្លូវ ដើម្បីដាក់បំពង់ទុយោទឹកស្អាត ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យជំនាញពាក់ព័ន្ធ មានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមន្ទីសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការជួសជុលឡើងវិញឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចទទួលយកបាន ក្រោយពីការជីកដាក់បំពង់ទុយោទឹកស្អាតរួចរាល់។
ក្រោយជំនួបនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានទទួលអំណោយពីអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ ដើម្បីយកទៅឧបត្ថមជីវភាពជូនប្រជាពលរដ្ឋ និងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ បានឧបត្ដមមករដ្ឋបាលរាជធានីភ្នំពេញ នូវអង្ករចំនួន២០តោន អាកុល២០កាន និងម៉ាស់ចំនួន ២០.០០០ម៉ាស់៕