ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណដល់អាជីវករ ដែលមិនបានដំឡើងថ្លៃម្ហូបអាហារ និងទំនិញរបស់ខ្លួន អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Friday, April 16, 2021, 11:28 AM
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណដល់អាជីវករទាំងងអស់ដែលមិនដំឡើងថ្លៃអាហារ និងទំនិញរបស់ខ្លួន នៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាពេលនេះ។
ឯកឧត្តមអភិបាលរាជធានី បានចាត់ទុកថា ការមិនឆក់ឱកាសដំឡើងថ្លៃអាហារ និងទំនិញរបស់អាជីវករ ទាំងនោះ ជាការគាំទ្រ និងចូលរួមសហការជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។
សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានអាជីវករមួយចំនួន ក៏បានឆក់ឱកាសដំឡើងថ្លៃអាហារ និងទំនិញរបស់ខ្លួនតាមអំពើចិត្ត ដោយសារតែមានប្រជាពលរដ្ឋជាច្រើនសម្រុកទៅទិញអាហារ និងទំនិញទាំងនោះ ដើម្បីត្រៀមទុកហូប និងប្រើប្រាស់។
បន្ទាប់ពីមើលឃើញស្ថានភាពនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អាជីវករនានាកុំដំឡើងថ្លៃអាហារ និងទំនិញនាពេលនេះ ហើយក៏បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុ គ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ-១៩ផងនោះ។
ឯកឧត្តម ឃួង ស្រេង បានចាត់ទុកថា ការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ គ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕