ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សម្រេចបិទខ្ទប់រា...

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង

ថ្ងៃចេញផ្សាយ: Thursday, April 15, 2021, 12:05 PM

img150421m9 img150421m1

 

 

 

 

 

            គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុង ដោយមិនឱ្យបងប្អូន ប្រជាពលរដ្ឋចេញ ចូលពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយទៅភូមិមួយឡើយ។ ការសម្រេចបិទខ្ទប់ភូមិ សង្កាត់របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៩សសរចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

            បើមានបញ្ហាអ្វីមួយដូចជាបញ្ហាសុខភាព ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទីផ្សារលក់គ្រឿង ឧបភោគ បរិភោគ ដូចជា បន្លែ ត្រី សាច់ យើងមិនបិទទេ។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ Video conference នៅរាត្រីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានបញ្ជាក់ថា ការសម្រេចរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងតែម្តង ដូចដែលយើងបានបិទខ្ទប់ខណ្ឌ៣កន្លងមកអញ្ចឹងដែរ ដោយមិនអោយបងប្អូនប្រជាពលរដ្ឋចេញ ចូលពីផ្ទះមួយទៅផ្ទះមួយនិងពីភូមិមួយទៅភូមិមួយឡើយ។  ឯកឧត្តមបន្តថា ៖ចំពោះទីផ្សារលក់គ្រឿង ឧបភោគ បរិភោគ ដូចជា បន្លែ ត្រី សាច់ យើងមិនបិទទេ ហើយបងប្អូនប្រជាពលរដ្ឋអាចចេញពីផ្ទះទៅផ្សារបានក្នុង១សប្តាហ៍ ១ដងឬ២ដង ជាក់ស្តែងទៅតាមការអនុញ្ញាតរបស់អាជ្ញាធរ។ ប្រជាពលរដ្ឋក៏អាចចេញទៅទិញថ្នាំពេទ្យឬទៅទទួលសេវាព្យាបាលបាន បើមានជម្ងឺជាក់ស្តែង ។

            ឯកឧត្តម ឃួង ស្រេង បន្តថា ៖ការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងនេះ នឹងចាប់ផ្តើមអនុវត្តនៅម៉ោង០០ឆ្លងចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ។ ចំពោះគោលដៅដែលត្រូវដាក់បិទការធ្វើដំណើរ ចេញ ចូល រាជធានី មានច្រើនគោលដៅ ក្នុងនោះមាន ផ្លូវជាតិលេខ១ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ២ នៅព្រំប្រទល់ខេត្ត កណ្តាល ផ្លូវជាតិលេខ៣ នៅព្រំប្រទល់ខេត្តកណ្តាល ផ្លូវជាតិលេខ៤ នៅព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្តាល  ផ្លូវជាតិលេខ៥ នៅព្រំប្រទល់ស្រុកពញ្ញាឮ ខេត្តកណ្តាល ផ្លូវជាតិលេខ៦ នៅព្រំប្រទល់ស្រុកមុខកំពូល ខេត្តកណ្តាល ។

            ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឱ្យគាត់ពិបាករហូតគ្មានអីហូបចុកនោះទេ ៕

img150421m13 img150421m4 img150421m12 img150421m3 img150421m11 img150421m10 img150421m1 img150421m6 img150421m5 img150421m8