ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារត្រួតពិន...

រដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៅលើក្រុមហ៊ុនឯកជនដែលទទួលម៉ៅការសាងសង់ លូ ប្រឡាយ រំដោះទឹក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Thursday, August 15, 2024, 11:03 AM

img1408242 img1408241

 

 

 

 

 

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំអោយរដ្ឋបាលរាជធានីភ្នំពេញបង្កើតក្រុមការងារមួយ ដោយចាត់អោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើជាប្រធាន ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៅលើក្រុមហ៊ុនឯកជនដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹក ឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

          ការណែនាំបែបនេះបានធ្វើឡើង ខណៈ ឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

          ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ឡើងឡើងថា ៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ គម្រោងនេះនឹងប្រើប្រាស់ពេលវេលានៃការស្ថាបនាឡើងក្នុងរយៈពេល៥ឆ្នាំ ដែលមានចំនួន៥០គម្រោងសម្រាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

          ឯកឧត្តម ឃួង ស្រេង បន្តថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលផ្តល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវយកអស់កម្លាំងកាយចិត្ត អនុវត្តអោយបានជោគជ័យ ពោលគឺយ៉ាងហោចណាស់២សប្តាហ៍ត្រូវធ្វើរបាយការណ៍ពីវឌ្ឍនៈភាពការងារនេះមករដ្ឋបាលរាជធានីភ្នំពេញម្តង។

          ក្នុងនោះដែរ ឯកឧត្តមអភិបាល ក៏បានណែនាំដល់ក្រុមហ៊ុនទាំងអស់ដែលទទួលអនុវត្តការងារគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវតាមកិច្ចសន្យារបស់ខ្លួន ពីពោះក្រុមហ៊ុនសុទ្ធតែបានដេញថ្លៃនៅក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុផ្ទាល់។

          លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញខាងលើនេះ មានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន២៨គម្រោង និង១៥គម្រោងទៀតកំពុងដោះស្រាយផលប៉ះពាល់ ពិសេស(តំបន់បឹងត្របែក)។ ចំណែក៧គម្រោងទៀតស្ថិតក្នុងគម្រោងបញ្ជាទិញ មិនទាន់មក  ដល់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក សាំ ពិសិដ្ឋ បានបង្ហើបថា គម្រោងដែលស្ថិតក្នុងផលប៉ះពាល់នោះ គឺមានប្រជាពលរដ្ឋ១៣១ខ្នងផ្ទះស្មើនិង១០០ភាគរយនៅបឹងត្របែក បានដោះស្រាយបញ្ចប់ហើយ ដោយពួកគាត់បានទទួលយកសំណងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាថ្នូរនៃការរុះរើលំនៅដ្ឋានចេញដោយស្ម័ក្រចិត្ត ចេញពីផលប៉ះពាល់នៃគម្រោងនេះ។

          លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ក្នុងគម្រោងដែលកំពុងអនុវត្តទាំង២៨គម្រោងនេះ បានចាប់ផ្តើមអនុវត្តការងារកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ គិតមកដល់ពេលនេះមានរយៈពេល៩៧ថ្ងៃហើយ ដោយជាលទ្ធផលសម្រេចបានចំនួន១២,១៧% ហើយក្នុងផែនការយើងផ្តោតសំខាន់លើតំបន់៤ធំៗ ដែលត្រូវធ្វើអោយប្រសើរឡើង ក្នុងនោះទី១ តំបន់បឹងទំពន់និងបឹងសាឡាង ទី២ តំបន់បឹងត្របែក ទី៣ តំបន់ខាងត្បូងឈាងខាងកើតប្រលានយន្តហោះភ្នំពេញ និងទី៤ តំបន់ខាងជើងរាជធានីភ្នំពេញ។

          គួរបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនឹងការសាទរពីប្រជាពលរដ្ឋ។​ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ៕

img14082420 img14082419 img14082417 img14082418 img14082416 img14082415 img14082414 img14082413 img14082412 img14082411 img14082410 img1408249 img1408248 img1408247 img1408246 img1408245 img1408244 img1408243