រដ្ឋបាលរាជធានីភ្នំពេញគិតគូរយ៉ាងម៉ត់ចត់ទៅលើការពង្រឹង សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងឧិកាសបុណ្យចូលឆ្នាំថ្មី
ថ្ងៃចេញផ្សាយ: Wednesday, April 10, 2024, 4:34 PM
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មីទៀត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តត្រួតពិនិត្យវឌ្ឍនភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលអញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំនេះបានថ្លែងថា ៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាកិច្ចការអាទិភាព។ ក្នុងនោះឯកឧត្ដមអភិបាលបានធ្វើការណែនាំដល់គណៈបញ្ជាការឯភាពខណ្ឌទាំង១៤ ក៏ដូចកំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ,ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលរបស់ខ្លួនឱ្យមានការប្រុងប្រយត្ន័ និងបង្ការគ្រោះអគ្គីភ័យបើយើងមានការធ្វេសប្រហែស។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ ភ្លើងឆេះស្រួលតែពន្លត់ភ្លើងវាលំបាក ដូច្នេះយើងត្រូវយកចិត្តទុកដាក់បង្កាជាមុនពីគ្រោះអគ្គីភ័យកុំអោយកើតមាននៅពេលអាកាសធាតុកំពុងក្តៅខ្លាំង ត្រូវនឹងរដូវចូលឆ្នាំថ្មីថែមទៀត។ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញអោយអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរឿងណាដែលកើតឡើងអោយទាន់ពេល ព្រោះរឿងតូចមួយអាចក្លាយជាអគ្គីភ័យបាន និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ឯកឧត្ដម មាន ចាន់យ៉ាដា និងឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលទទួលការងារសន្តិសុខសណ្តាប់ធ្នាប់បានលើកឡើងថា៖ពាក់ពន្ធ័នឹងសង្គ្រាន្តឆ្នាំនេះ យើងបានយកចំណុចខ្ពស់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧មេសាមុននឹងក្រោយបុណ្យចូលឆ្នាំ។ សង្គ្រាន្តឆ្នាំនេះមានលក្ខណៈ ផុសផុលជាងរាល់ឆ្នាំ។ ទាំងថ្នាក់រាជធានីភ្នំពេញ,ថ្នាក់ខណ្ឌ,សង្កាត់,សាលារៀន តាមវត្តអារាមក៏ដូចតាមក្រុមហ៊ុនឯកជននានា ដោយមានការរៀបចំផែនការយ៉ាងម៉ត់ចត់រួមទាំងការពង្រឹងសន្តិសុខនៅតាមទីតាំងសប្បាយភាពនានាពិសេសនៅរមណីយ៏ដ្ឋានវត្តភ្នំ,ការបង្កើតទីបញ្ជាការស្រាលតាមទីតាំងសប្បាយភាព។
ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមានការធ្វើការរួមគ្នាដោយបែងចែកកំលាំងល្បាតទាំងថ្ងៃទាំងយប់ដើម្បីធានាថាពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយឈានទៅដណ្តើមយកជ័យលាភីលើការរៀបចំសង្គ្រាន្តបានល្អ និងមានសណ្តាប់ធ្នាប់ល្អ។
សូមបញ្ជាក់ថា៖ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី និងសង្រ្គាន្តវត្តភ្នំ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតុបតែងលំអអំពូលភ្លើងចំរុះពណ៏ ទង់ជ្វាលា កន្លែងលេងល្បែងប្រជាប្រិយ៏ មានទាញព្រាត់,ចោលឈូង,បោះអង្គុញ លាក់កន្សែងជាដើម។ នេះជាឆ្នាំទី១អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពក្ដីសុខដុមរមនា៕