លុបចេញវិញ នូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយចាត់ទុកថាជាតំបន់តែមួយ
ថ្ងៃចេញផ្សាយ: Friday, April 10, 2020, 2:26 PM
រាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេច ស្ដីពីការកែសម្រួលបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺ កូវីដ-១៩ ដោយបានលុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្ត កណ្តាល ដោយចាត់ទុកថាជាតំបន់តែមួយ។
យោងលើស្ថានភាពភូមិសាស្ត្រនិងតម្រូវការជាក់ស្តែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ដោយខកខានមិនបានរបស់មន្ត្រីរាជការសាធារណៈ និយោជក កម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅ រាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលវិសាលភាពនៃការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ដែលមានចែងក្នុងបទបញ្ជា លេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដូចខាងក្រោម ១) ភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។ ២) លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាន នូវការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត៕