ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលជួបសម្ដែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា
ថ្ងៃចេញផ្សាយ: Friday, February 07, 2025, 2:59 PM

នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
មានប្រសាសន៌ក្នុងឱកាសនេះ ឯកឧត្តម ឃួង ស្រេង បានរំលឹកឡើងនូវគុណនូបការ របស់សាធារណរដ្ឋគុយបាជាមិត្តចាស់ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ និងកសិកម្មនាពេលកន្លងមក ពោលរាប់ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋគុណបា នាអំឡុងពេល១៩៧៩ និងអំឡុងទសវត្ស៨០ ជាពិសេសការជួយរបស់គុយបាមកកាន់កម្ពុជា ក្រោយកម្ពុជារំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគុយបាបានរួមចំណែកយ៉ាងធំធេង លើការអភិវឌ្ឍប្រទេសជាតិកម្ពុជា ក្រោយកម្ពុជារួចផុតពីសង្គ្រាម ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានរំលឹកថា ជាការពិតចំណងការទូតដែលផ្តួចផ្តើម ឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ និងឯកឧត្តម Fidel Castro បានធ្វើឱ្យកម្ពុជា និងគុយបា មានទំនាក់ទំនងការទូតតាំងពីបុរេប្រវត្តិមក ប៉ុន្តែមកដល់កម្ពុជា នៅសម័យរំដោះឱ្យរួចពីការកាប់សម្លាប់ពីរបស់ប៉ុល ពត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសការទូតប្រចាំកម្ពុជានាពេលនោះ ក៏បានរៀបចំទំនាក់ទំនង ជាមួយបណ្តាប្រទេសជាច្រើន ដោយឡែកគុយបា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានធ្វើកិច្ចការការទូតជាមួយនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា នាពេលនោះផងដែរ ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ពាក្យស្លោកកម្ពុជាមួយបានលើកឡើងថា ជួយគ្នាក្នុងគ្រាក្រ ហើយក្នុងពេលដែលកម្ពុជា ក្រ ក៏មានប្រទេសគុយបាមួយបានជួយមកលើប្រទេសកម្ពុជានូវជំនួយឥតសំណងសព្វបែបយ៉ាង ។
ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតគុយបានូវការត្រៀមលក្ខណៈរួចរាល់របស់អាជ្ញាធររាជធានីភ្នំពេញ នៅក្នុងការជួយជ្រោមជ្រែងលើកិច្ចការងារចាំបាច់ ជាពិសេសក្នុងបេសកកម្មការទូតរបស់លោកជំទាវក្នុងរាជធានីភ្នំពេញ និងការការពារសុខសុវត្ថិភាព របស់ស្ថានទូតគុយបា នៅទីក្រុងភ្នំពេញផងដែរ។
ជាការឆ្លើយតប លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា ឯកអគ្គរដ្ឋទូតគុយបា បានថ្លែងអំរគុណចំពោះ ឯកឧត្តម ឃួង ស្រេង ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាឱ្យលោកជំទាវ និងសហការី អញ្ជើញជួបសម្តែងការគួរសមនាឱកាសនេះ ព្រមទាំងអរគុណដល់អាជ្ញាធររាជធានីភ្នំពេញ ដែលជានិច្ចជាកាល បានជួយដល់ស្ថានទូតគុយបា ទាំងការរក្សាអនាម័យបរិស្ថានជុំវិញស្ថានទូត និងជាពិសេស សុខសុវត្ថិភាពរបស់មន្ត្រីនៃស្ថានទូតគុយបា ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញតែម្តង។
លោកជំទាវ ក៏បានរំលេច នូវចំណងមិត្តភាពរវាងប្រទេសទាំពីរ គុយបា-កម្ពុជា ដែលមានទំនាក់ទំនងការទូតយ៉ាងស្អិតរមួត ហើយប្តេជ្ញារក្សាឱ្យបាននូវតម្លៃមិត្តភាព សាមគ្គីភាព និងបន្តឱ្យកាន់តែល្អប្រសើរថែមទៀត ។
ក្នុងនោះលោកជំទាវឯកអគ្គរដ្ឋទូតគុយបា ក៏បានស្នើដល់ ឯកឧត្តម ឃួង ស្រេង ពិនិត្យលទ្ធភាព ក្នុងការស្វែងរកនូវសាលារៀន ដែលធ្លាប់បានប្រើប្រាស់ឈ្មោះថាជាសាលាគុយបាកាលពីអតីតកាល នឹងអាចឱ្យស្ថានទូតគុយបា អាចចុះទស្សនកិច្ច និងមានបំណងចង់ដាំដើមឈើ សម្រាប់ទុកជាអនុស្សាវរីយ៍ដែលបង្ហាញពីចំណងមិត្តភាព រវាងគុយបា និងកម្ពុជា ខណៈដែលកិច្ចការងារនេះ ឯកឧត្តម ឃួង ស្រេង បានឯកភាពលើការផ្តល់នូវការគាំទ្រចំពោះកិច្ចការមួយចំនួន ដែលជាសំណើររបស់លោកជំទាវឯកអគ្គរដ្ឋទូត តែយ៉ាងណាមិញ ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យឯកអគ្គរដ្ឋទូតគុយបា ពិនិត្យនិងពិភាក្សាការងារខាងលើ ជាមួយឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំជាមុនសិន ថាតើអាចមានការរៀបចំបានលើអ្វីខ្លះ ដើម្បីឱ្យសាកសមនឹងតម្លៃនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
បន្ថែមលើនេះ ក្នុងជំនួបរវាង ឯកឧត្តម ឃួង ស្រេង និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នា លើការជំរុញការផ្សព្វផ្សាយនូវទំនាក់ទំនង អំពីវប្បធម៌ប្រពៃណីដ៏ផូផង រវាងប្រទេសទាំងពីរ ទៅកាន់ប្រជាជនគ្នាទៅវិញទៅមក និងសង្ឃឹមថានឹងអាចមានការចុះអនុស្សារណយោគយល់គ្នា រវាងទីក្រុងឡាហាវ៉ាននិងទីក្រុងភ្នំពេញផងដែរ៕
