ក្រុមហ៊ុន វីរះប៊ុនថាំ ឧបត្ថម្ភទឹកបរិសុទ្ធ ១.០០០កេស ដល់សាលារាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជូនពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ ពីមេរោគកូវីដ-១៩
ថ្ងៃចេញផ្សាយ: Sunday, May 02, 2021, 4:51 PM
ក្រុមហ៊ុនដឹកជញ្ជូនវីរះប៊ុនថាំ បានឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន ១.០០០កេស ដើម្បីយកទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ពីមេរោគកូវីដ-១៩ ។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានឧបត្ថមទឹកបរិសុទ្ធ ចំនួន ១.០០០កេស ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ពីមេរោគកូវីដ-១៩។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនារបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)៕