Master Plan ដាំដើមឈើក្នុងរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Friday, January 26, 2018, 11:10 PM
កិច្ចប្រជុំរៀបចំ Master Plan ដាំដើមឈើក្នុងរាជធានីភ្នំពេញ។ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំស្ដីពីការរៀបចំ Master Plan ដាំដើមឈើក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ការដាំដើមឈើក្នុងទីក្រុង គឺជាការលើកកម្ពស់សោភណភាពទីក្រុងផង និងជាការរួមចំណែកកាត់បន្ថយការបំពុលបរិស្ថានដែលកើតចេញពីយានជំនិះប្រចាំថ្ងៃផងដែរ ហើយការដាំដើមឈើតាមមហាវិថី វិថី និងផ្លូវជាតិសំខាន់ៗត្រូវតែដាំដើមឈើឡើងវិញ ហើយកិច្ចការងារមួយនេះត្រូវសិក្សាអោយបានលម្អិតបំផុត និងតាមលក្ខណៈបច្ចេកទេសផងដែរ ប្រភេទដើមឈើដែលត្រូវយកមកដាំ មានដើមក្ងោក ដើមត្របែកព្រៃ ដើមបេង នាងនួន ធ្នង់ គគីរ ដើមរាំងដើមឈើទាល និងដើមសណ្ដាន។ ចំពោះការដាំដើមឈើលិចទឹកក្នុងបឹងតាមោក ឯកឧត្តមអភិបាល បានស្នើរអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងទីចាត់ការរៀបចំក្រុងសិក្សាពីបច្ចេកទេសអោយបានលម្អិតក្នុងកិច្ចការដាំដើមឈើក្នុងតំបន់ព្រៃលិចទឹក ហើយមន្ទីរកសិកម្មនិងរដ្ឋបាលព្រៃឈើត្រូវសិក្សា នឹងស្វែងរកប្រភេទដើមឈើណាខ្លះដែលអាចដាំបាន ដើម្បីធ្វើជាអាងចំម្រោះទឹកធម្មជាតិ។
យើងទាំងអស់គ្នាត្រូវចូលរួមរក្សាធម្មជាតិ ដើមឈើដែលមានស្រាប់ ដើមឈើគឺជាជីវិតរបស់មនុស្ស ដើមឈើពិតជាមានសារៈសំខាន់ណាស់ក្នុងបរិស្ថាន ធម្មជាតិ និងជាអុកស៊ីហ្សែនសម្រាប់មនុស្សស្រូបយកគ្រប់ៗរូប៕