សប្បុរសជនបន្តផ្តល់ថវិកា ម៉ាស និងទឹកបរិសុទ្ធ ជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
ថ្ងៃចេញផ្សាយ: Friday, March 19, 2021, 4:08 PM
ថវិកា ចំនួន៤០លានរៀល ម៉ាស៥ម៉ឺនម៉ាស និងទឹកបរិសុទ្ធ ១២.០០០ដប ត្រូវបាន លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Credit Bureau(Cambodia) Co.,Ltd ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ពិធីប្រគល់និងទទួលខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។
អំណោយដែល ឯកឧត្តម ឃួង ស្រេង ទទួលពីសប្បុរសជនខាងលើនេះរួមមាន ថវិកាចំនួន៤០លានរៀល ម៉ាស៥ម៉ឺនម៉ាស និងទឹកបរិសុទ្ធចំនួន ១២.០០០ដប។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៣៧នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈអ្នកជំងឺចំនួន១៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងសរុប ១.៥៧៨នាក់។ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ១.០៦២នាក់ ។ ចំនួនអ្នកជាសះស្បើយ ៩១៧នាក់។ ចំនួនអ្នកកំពុងសម្រាកព្យាបាល ៦៥៨នាក់និងបានស្លាប់ចំនួន ១នាក់ ៕