អង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Wednesday, August 09, 2017, 11:03 PM
ការងារសន្ដិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវអនុវត្តន៍អោយជាប់ជាប្រចាំ
នារសៀលថ្ងៃទី០៨ ខែសីហានេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ការប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការពង្រឹងការងារសន្ដិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ ដោយមានរបៀបវារៈចំនួន៤ចំនុចសំខាន់ៗដែលយកមកពិភាក្សានិងអនុវត្តន៍កន្លងមក៖ - សេចក្តីរាយការណ៍ ស្ដីពីលទ្ធផលនៃការរៀបចំសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ពិសេសតាមផ្លូវទាំង១១ខ្សែរយៈពេល ០១ខែ។ - មតិចូលរួមពិភាក្សាស្ដីពីការលុបបំបាត់ចោរលួច ឆក់ ប្លន់ ល្បែងសុីសងតាមប្រព័ន្ធអនឡាញ (online) ការប្រើប្រាស់អាធុវជាតិផ្ទុះខុសច្បាប់ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការគ្រ់គ្រងអាជីវកម្មទទួលបញ្ចាំ ក្នុងរាជធានីភ្នំពេញ។ - របាយការណ៍ស្ដីពីស្ថិតិផ្ទះជួល និងការគ្រប់គ្រងផ្ទះជួល របស់រដ្ឋបាលខណ្ឌ។ - បញ្ហាផ្សេងៗ ក្នុងអង្គប្រជុំឯកឧត្ដមប្រធានបានសាទរចំពោះលទ្ធផលនៃការរៀបចំសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ពិសេសផ្លូវទាំង១១ខ្សែតាមបណ្ដាលខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែនេះ ឃើញថាមានប្រសិទ្ធភាពគួរកត់សម្គាល់និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដើម្បីអោយវិធានការមួយនេះអនុវត្តន៍ទៅកាន់តែមានប្រសិទ្ធភាព ត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការអនុវត្តន៍។
ហើយចំពោះវិធានការនៃការលុបបំបាត់ចោរលួច ឆក់ ប្លន់ ល្បែងសុីសងតាមប្រព័ន្ធអនឡាញ (online) និងការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំក្នុងរាជធានីភ្នំពេញ ត្រូវមានការចូលរួម និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ត្រូវគ្រប់គ្រងអោយបាន ព្រមទាំងទប់ស្កាត់អោយជាប់រាល់អាជីវកម្មទទួលបញ្ចាំ ល្បែងសុីសងតាមប្រព័ន្ធអនឡាញ (online) ខុសច្បាប់ ត្រូវតែបិទមិនត្រូវអោយបើកអាជីវកម្មតទៀតឡើយ ដោយទុករយៈពេលពីរសប្តាហ៍ ក្នុងការអនុវត្តន៍វិធានការនេះ ហើយត្រូវធ្វើស្ថិតិ និងត្រួតពិនិត្យអោយបានត្រឹមត្រូវ។ ជាចុងក្រោយឯកឧត្តមបានណែនាំអោយ ខណ្ឌទាំងអស់ ធ្វើការប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជារៀងរាល់ខែ ដើម្បីក្ដាប់អោយជាប់រាល់សកម្មភាពអសកម្មទាំងឡាយណាដែលកើតមាន ទប់ស្កាត់អោយបាន ក្នុងកិច្ចការការពារជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ក្នុងមូលដ្ឋានខ្លួន៕