ការស្ថាបនាផ្លូវបេតុង៣ខ្សែនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ
ថ្ងៃចេញផ្សាយ: Thursday, July 26, 2018, 9:48 AM
នាព្រឹកថ្ងែព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការស្ថាបនាផ្លូវបេតុង៣ខ្សែ ប្រវែង១.២០០ម៉្រែតជាង និងដាក់ប្រព័ន្ធលូបង្ហូរទឹកដែលមានមុខកាត់ ៨តឹកម្ខាងផ្លូវទាំង៣ខ្សែស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បន្ទាប់ពីពិនិត្យការស្ថាបនាផ្លូវក្នុងភូមិអន្លង់គងថ្មីរួច ឯកឧត្ដមអភិបាលបានបន្តចុះពិនិត្យផ្លូវបាត់ស្រុតមួយខ្សែដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត នៅចំណុចផ្លូវចូលវត្តរនតៈតេជៈ ហៅវត្តកំពង់ក្ដុល ស្ថិតនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឯកឧត្ដមអភិបាលបានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យសិក្សា និងស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញជាបន្ទាន់ ដើម្បីជួយសម្រួលការធ្វើដំណើររបស់បងប្អូនក្នុងភូមិ៕