បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស និងចូលរួមមហាសន្និបាតលើកទី៣៨ របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅទីក្រុងលីល ប្រទេសបារាំង។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនដូចខាងក្រោម៖
ទី១ : ក្នុងជំនួបជាមួយលោកជំទាវ Pauline CARMONA ប្រធានស្តីទីនាយកដ្ឋានកិច្ចការអាសុី និងអូសេអានី នៃក្រសួងកិច្ចការបរទេស សាធារណរដ្ឋបារាំង លោកស្រីបានសន្យាបន្តការគាំទ្របន្ថែមទៀតលើកិច្ចការសហប្រតិបត្តិការទ្វេភាគី រវាងរាជធានីភ្នំពេញ និងទីក្រុងប៉ារីស ព្រមទាំងបន្តគាំទ្រលើគម្រោងនានា ជាពិសេសជួយជំរុញវិនិយោគិនឲ្យមកវិនិយោគបន្ថែមនៅរាជធានីភ្នំពេញ និងបានឯកភាពគ្នាជំរុញការសិក្សាគម្រោងប្រព័ន្ធដឹកជញ្ជូន Tramway ក្នុងជំហានទី៣ ដោយជ្រើសរើសយកមហាវិថីព្រះមុនីវង្សមកសិក្សា។
ទី២ : ក្នុងជំនួបទ្វេភាគីជាមួយលោកជំទាវ អាន អុីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស បានឯកភាពគ្នាដូចខាងក្រោម៖
១. ភាគីប៉ារីសនឹងបន្តជួយគាំទ្ររាជធានីភ្នំពេញ នៅក្នុងក្របខ័ណ្ឌការងាររបស់ AIMF ។
២. ប៉ារីសនឹងបន្តជួយរាជធានីក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទេ្វភាគីជាមួយរាជធានីភ្នំពេញ ដោយបញ្ជូនអ្នកជំនាញការមកជួយផ្នែកបច្ចេកទេស ជាពិសេសផ្តល់យោបល់លើការសិក្សារៀបចំផ្លូវឯកទិស តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងជួយដល់រាជធានីភ្នំពេញក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យក្លាយជាទីក្រុងបៃតង ទំនើបទាន់សម័យប្រកបដោយបរិស្ថានល្អផងដែរ។
សូមគូសបញ្ជាក់ថា កន្លងមកទីក្រុងប៉ារីសបានជួយរាជធានីភ្នំពេញលើការងារបច្ចេកទេសច្រើន ជាពិសេសការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី ២០៣៥។
ទី៣ : ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIMF លើកទី ៣៨ ដែលមានសមាជិកទី្រកុងចំនួន ២៩៤ទីក្រុង ប្រើប្រាស់ភាសាបារាំងនៅលើពិភពលោក ភ្នំពេញក៏បានដើរតួនាទីសំខាន់ផងដែរ ក្នុងនាមយើងជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងការចែករំលែកបទពិសោធន៍របស់រាជធានីភ្នំពេញដល់កិច្ចពិភាក្សា។ សូមគូសបញ្ជាក់ថា នៅទ្វីបអាស៊ីយើង គឺមានតែរាជធានីភ្នំពេញមួយគត់ដែលជាតំណាងនៅក្នុងការិយាល័យអចិន្ត្រៃយ៍។ ហេតុនេះហើយវត្តមានរបស់ប្រតិភូរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍ដោយផ្ទាល់នេះ គឺជារឿងចាំបាច់។
លើសពីនេះចំណុចដែលសំខាន់គឺ ការិយាល័យអចិន្ត្រៃយ៍ និងមហាសន្និបាត បានអនុម័តជូនរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគម AIMF លើកទី៣៩ នៅឆ្នាំ២០១៩ តាមការស្នើសុំរបស់យើង។