ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ឲ្យចរាចរណ៍ស្ពានអាកាសតិណូជាបណ្តោះអាសន្ន
ថ្ងៃចេញផ្សាយ: Tuesday, December 01, 2015, 3:25 PM
នៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៥ វេលាម៉ោង ៧:០០នាទី ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាអធិបតីក្នុងពិធីប្រកាសដាក់អោយប្រើប្រាស់បណ្តោះអាសន្នស្ពានអាកាសស្តុបតិចណូ និងសូត្រមន្តប្រោសព្រំសុំសេចក្តីសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរាជការនិងប្រជាពលរដ្ឋចំនួន ៣០០នាក់។
សូមបញ្ជាក់ថា៖ ស្ពានអាកាសតិចណូ ត្រូវសម្ពោធបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះរត់បណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើប្រសព្វមហាវិថី គីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង មានបណ្តោយ៣៨២ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដីមានប្រវែង៣៥៦ម៉ែត្រ និងទទឹងពី៦ទៅ៨ម៉ែត្រ។
ស្ពានអាកាសទី៤ របស់រាជធានីភ្នំពេញនេះ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយតាមគម្រោងនឹងបញ្ចប់ ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ និង ចំណាយថវិកាសាងសង់ ១៤.៥០២.៤៧៦ដុល្លារ បានមកពីគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន OCIC៕