ជំនួបប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គមឡាវចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីការអភិវឌ្ឍរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Wednesday, August 10, 2016, 2:28 PM
នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គមឡាវចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីការអភិវឌ្ឍរាជធានីភ្នំពេញ។
ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ដ្រសង្គមឡាវ ដែលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ បានចូលជួបពិភាក្សាផ្លាស់ប្ដូរយោបល់ពីការអភិវឌ្ឍរាជធានីភ្នំពេញ ដែលផ្ដោតសំខាន់លើ ការអភិវឌ្ឍ និងទំនាក់ទំនងវប្បធម៌នៃប្រទេសទាំងពីកន្លងមក ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលរាជធានីភ្នំពេញបានស្ថាបនា។
ការពិភាក្សាក៏បានលើកឡើងនូវកិច្ចសហប្រតិបត្ដិការរៀបចំសន្និសីទអន្ដរជាតិស្ដីពី បញ្ហាកកស្ទះចរាចរ និងដំណោះស្រាយ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះ ហើយសាលារាជធានីក៏នឹងបញ្ជូនមន្ដ្រីខ្លួនឱ្យចូលរួមផងដែរ ដើម្បីបានទទួលនូវរំដោះស្រាយថ្មីពីសន្និសីទអន្ដរជាតិនេះ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានលើកឡើងនូវការអភិវឌ្ឍន៍រាជធានីភ្នំពេញ គឺតែងតែគិតគូរពិចារណា និងស្វែងរកដំណោះស្រាយនានាដែលប្រជាពលរដ្ឋរស់នៅរាជធានីដែលបានជួបកន្លងមក ដូចជាចរាចរណ៍ ហេដ្ឋាចរនាសម្ព័ន្ធ កំណើនយានយន្ដ មធ្យោបាយដឹកជញ្ជូនសាធារណៈ ការដោះស្រាយផលប៉ះពាល់នានា ដែលសាលារាជធានីបានដោះស្រាយរួច និងបានកំពុងដោះស្រាយ តួយ៉ាងសាលារាជធានីភ្នំពេញបានដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍តាមរយៈ ការពង្រឹងច្បាប់ ការកសាងស្ពានអាកាស ចំណត់រថយន្ដក្រោមដី ចំណត់រថយន្ដសាធារណៈ រថយន្ដក្រុង (City bus) ការកសាងផ្លូវនានា ដើម្បីធានាឱ្យបាននូវការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។