ចុះសួរសុខទុក្ខសិស្សានុសិស្ស ដែលបានសិក្សាវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយ: Saturday, August 05, 2017, 7:50 PM
ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការពង្រឹងគុណភាពអប់រំ របស់កម្ពុជា ជាពិសេស ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា តាងនាមគណៈអភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខសិស្សានុសិស្ស ដែលបានសិក្សាវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅតាមវិទ្យាល័យមួយចំនួនក្នុងរាជធានី ភ្នំពេញ ។
នៅក្នុងឲកាសនៃការចុះសួរសុខទុក្ខ និងលើកទឹកចិត្តនោះ បន្ថែមលើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតជូនដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលរាជធានីភ្នំពេញ ជាសេនាធិការ រួមជាមួយកិច្ចសហការយ៉ាងពេញទំហឹងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេស លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ដែលបានចំណាយកម្លាំងកាយ ចិត្ត និងពេលវេលាដ៏មានតម្លៃក្នុងការរៀបចំឲ្យមានវគ្គបំប៉នត្រៀមប្រឡងនេះ ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់ប្អូនៗ បេក្ខជនត្រៀមប្រឡងចំនួន០៣ចំណុចដូចជា ៖ ១. បេក្ខជនត្រូវមានការខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯង តាមរយៈការធ្វើស្វ័យសិក្សាទៅតាមវិធីសាស្រ្តដែលបានចង្អុលបង្ហាញដោយលោកគ្រូ អ្នកគ្រូ ជាពិសេសត្រូវគិតគូររក្សាសុខភាពឲ្យបានល្អ ដើម្បីត្រៀមខ្លួនរួចជាស្រេចមុនពេលប្រឡង ២.នៅពេលដែលប្រឡងជាប់សូមកុំភ្លេច លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនប្អូនៗ ពីព្រោះប្រសិនបើគ្មានពួកគាត់ទេ យើងក៏ពុំអាចប្រឡងជាប់ដែរ ហើយសូមជឿចុះ (គ្មានគ្រូពេទ្យណាចង់ព្យាបាលឲ្យអ្នកជម្ងឺស្លាប់នោះទេ ហើយក៏គ្មានគ្រូបង្រៀនណាចង់ឲ្យសិស្សរបស់ខ្លួន ប្រឡងធ្លាក់ដែរ) ៣.ជាចុងក្រោយគឺសូមកុំភ្លេចគុណឪពុកម្តាយ ពីព្រោះគ្មានពួកគាត់ជាអ្នកដែលតែងតែឈរនៅពីក្រោយផ្តល់កម្លាំងចិត្តដល់យើងគ្រប់កាលៈទេសៈ បើទោះបីជាយ៉ាងណាក៏គាត់ នៅតែគាំទ្រយើងដែរ ។ ជាចុងក្រោយ ឯកឧត្តម នួន ផារ័ត្ន បានជូនពរដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រសូម ទទួលបានជោគជ័យក្នុងការ ប្រឡង និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ។