ពិធីសំណេះសំណាលជាមួយសមាគមមនុស្សចាស់
ថ្ងៃចេញផ្សាយ: Tuesday, April 28, 2015, 10:44 AM
ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមមនុស្សចាស់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ឯកឧត្តមអភិបាល បានមានប្រសាសន៍ថា មនុស្សចាស់គឺជាអ្នកបានបង្កើតស្នាដៃសម្រាប់ មនុស្សជំនាន់ក្រោយដូច្នេះអ្វីដែលយើងមានសព្វថ្ងៃនេះគឺជាការបន្សល់ទុក របស់មនុស្សជំនាន់មុន និងមនុស្សចាស់នាពេលនេះ។ ដើម្បីជាការតបស្នងនូវគុណបំណាច់ទាំងនេះ ឯកឧត្តមអភិបាលបានណែនាំឱ្យមន្ត្រី សង្កាត់ ខណ្ឌត្រូវយកចិត្តទុកដាក់ឱ្យបានច្រើនជាមួយមនុស្សចាស់ដោយយ៉ាងហោចណាស់ ក៏ក្នុង១ខែត្រូវមានពិធីជួបជុំសំណេះសំណាលម្តងដើម្បីជាការលើកទឹកចិត្តពួក គាត់។
ជាមួយនឹងការលើកឡើងបែបនេះ ឯកឧត្តម ក៏បានជំរុញដល់មនុស្សដែលមានវ័យចំណាស់ទាំងអស់ត្រូវចូលរួមហាត់ប្រាណ ប្រយោជន៍រក្សាសុខភាព ជាងនេះទៅទៀតគ្រប់មន្ត្រី និងក្រុមគ្រួសារត្រូវ លើកទឹកចិត្តពួកគាត់ខណៈសុខភាពផ្លូវចិត្តក៏ជារឿងសំខាន់មួយដែលមិនអាច រំលងបានពីព្រោះថាសុខភាពផ្លូវចិត្តនិងផ្លូវកាយត្រូវដើរទន្ទឹមគ្នា។ លោកសន សុផល ប្រធានមន្ទីរសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានឱ្យដឹងថានៅក្នុងប្រទេសកម្ពុជា សមាមាត្រមនុស្សចាស់ដែលមានអាយុលើសពី៦០ឆ្នាំកំពុងកើនឡើងជាលំដាប់ខណៈ បើតាមការព្យាករណ៍នៅឆ្នាំ២០២៥ និងកើនឡើងទ្វេដងពោលគឺមានរហូតដល់ប្រមាណ ១,៥លាននាក់។ ក្នុងនោះមនុស្សចាស់ទាំងអស់មានបញ្ហាប្រឈមមួយចំនួនដូចជាការរស់នៅម្នាក់ឯង មានឱកាសតិចតួចក្នុងការរកប្រាក់ចំណូលរួមទាំងបញ្ហាចាំបាច់មួយចំនួនទៀត ត្រូវបានគែបំភ្លេច ដូចជាអាហារ ថ្នាំសង្កូវជាដើម។ ដើម្បីដោះស្រាយបញ្ហានេះរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលើ១៥៨អ.ន.ក្រ.បក ចុះថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងសេចក្តី សម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិមនុស្សចាស់ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស៕