ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងវ...

កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ានឆ្នាំ២០២២ ក្លាយជាវេទិកា យ៉ាងសំខាន់ក្នុងការជំរុញភាពជាដៃគូជិតស្និទ្ធនៅក្នុងតំបន់

ថ្ងៃចេញផ្សាយ: Friday, December 02, 2022, 5:49 PM

imga2122221 imga2122220

 

 

 

 

 

          ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF ឆ្នំា២០២២នេះ បានក្លាយជាវេទិកា យ៉ាងសំខាន់ ដើម្បីបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តបន្តនឹងឆ្ពោះទៅមុខបន្ថែមទៀត របស់រាជធានី និងរដ្ឋធានីអាស៊ាន ព្រមទំាងជំរុញភាពជាដៃគូជិតស្និទ្ធនៅក្នុងតំបន់។

            កិច្ចប្រជុំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ឆ្នាំ២០២២នេះ បានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ   ដោយមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួម។

            ប្រធានបទនៃវេទិកា និងកិច្ចប្រជុំទាំងពីរខាងលើ ត្រូវបានជ្រើសរើសឡើងស្របតាមមូលបទប្រចាំឆ្នាំរបស់អាស៊ាន ដែលព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T. Addres sing Challenges Together) និងស្របទៅតាមបរិបទការងាររបស់ទីក្រុង ដែលក្នុងនោះ វេទិកាអភិបាលក្រុងអាស៊ាន (ASEAN Mayors Forum)៖ ធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការ   អាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយា  ប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាពេលនេះ រដ្ឋបាលរាជធានី ភ្នំពេញ មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អាស៊ាន មិនថានៅកម្រិតថ្នាក់ជាតិ ឬ កម្រិតថ្នាក់ក្រោមជាតិ នៅតែបន្តពង្រឹង និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រជាជាតិអាស៊ាន ប្រជាជននៃបណ្តា  រាជធានី-រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅសម្រេចបានសហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតលល្មួតលើគ្រប់វិស័យ។

ឯកឧត្តមបញ្ជាក់ថា  តាមរយៈលទ្ធផលនៃវេទិកា និងកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធទំាងអស់នឹងបន្តពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាព។

            ឯកឧត្តមបន្ថែមថា កិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ ជាមួយគ្នានៅក្នុងកិច្ចប្រជុំទំាង២នេះ គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់ ដើម្បីធ្វើយ៉ាងណាអាចឱ្យយើងធ្វើដំណើរទៅមុខរួមគ្នា ឈានទៅសម្រេចបានកំណើន និងវិបុលភាពរួម នៃទីក្រុងក្នុងតំបន់។ ឯកឧត្តមបញ្ជាក់ថា ប្រធានបទសម្រាប់កិច្ចប្រជុំទាំងពីរនាពេលនេះ គឺសុទ្ធសឹងតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីសម្រេចបានគោលដៅរួម ពោលគឺ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ជាពិសេសការឆ្លុះបញ្ចាំងពីមូលបទនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ ដែលទើបកន្លងផុតទៅថ្មីៗនេះ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។

សូមបញ្ជាក់ថា វេទិកា AMF និងកិច្ចប្រជុំ MGMAC នេះ មានសារសំខាន់ក្នុងការអនុញ្ញាតឲ្យបណ្ដា ​រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់រាជធានី ឬរដ្ឋធានី ខេត្ត ក៏ដូចជាក្រុង ស្រុក របស់ប្រទេសជាសមាជិកអាស៊ាន អាចជួបប្រជុំគ្នាជជែកលើបញ្ហាប្រឈម ក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនមាន ដែលជាដំណោះស្រាយអាចយកអនុវត្តបាន ជាពិសេសក្នុងកាលៈទេសៈនៃការស្តារឡើងវិញរបស់ទីក្រុងនីមួយៗ នៅក្រោយវិបត្តិជំងឺកូវីដ១៩។ វេទិកា និងកិច្ចប្រជុំខាងលើនេះ គឺបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការ សន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មរវាងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងរដ្ឋបាលមូលដ្ឋាន នៃបណ្ដាប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន។  ចំពោះរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជាវិញ វេទិកា និងកិច្ចប្រជុំទាំងពីរខាងលើគឺផ្ដល់ឱកាសដល់រដ្ឋបាលរាជធានីភ្នំពេញ និងបណ្ដាទីក្រុងនិងខេត្តរបស់កម្ពុជា ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តារាជធានី រដ្ឋធានី និងខេត្ត ក្រុងនៃប្រទេសជាសមាជិកអាស៊ាន។

គួរំលឹកផងដែរថា វេទិកាអភិបាលក្រុងអាស៊ានលើកទី១ បានធ្វើឡើង កាលពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០១១ នៅទីក្រុងសូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី ខណៈកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន លើកទី១ធ្វើឡើងកាលពីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៣ នៅរដ្ឋធានី ហ្សាការតា ប្រទសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «អាស៊ានឆ្ពោះទៅកាន់មូលដ្ឋាន៖ រួមចំណែកដល់ សហគមន៍អាស៊ាន ឆ្នាំ២០១៥»៕

imga2122214 imga2122222 imga2122228 imga2122210 imga2122211 imga212228 imga212225 imga212224 imga212223 imga212226 imga212222 imga212221 imga2122227 imga2122226 imga2122224 imga2122223 imga2122225 imga2122219 imga2122218 imga2122217 imga2122216 imga2122215 imga212227 imga212229