លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវប្រជាពលរដ្ឋ ឱ្យជឿជាក់ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ថ្ងៃចេញផ្សាយ: Sunday, April 25, 2021, 5:27 PM
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានសូមអោយប្រជាពលរដ្ឋជឿជាក់ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់អំឡុងពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយរាជរដ្ឋាភិបាលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងងាយស្រួលក្នុងការកំណត់ទីតាំង ជាមួយនិងការនាំយកនូវអ្នកដែលវិជ្ជមានជំងឺកូវីដ-១៩ មកព្យាបាលអោយបានជាសះស្បើយ ចៀសវាងការបង្កអោយមានការឆ្លងរីករាលដាលពីម្នាក់ទៅម្នាក់ទៀត ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍បែបនេះ ក្នុងពិធីចែកអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ៣៥៦គ្រួសារ នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ។
លោកជំទាវបានបន្តទៀតថា ៖ នៅក្នុងដំណាក់កាលដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។
លោកជំទាវ បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការអត់ធម្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ និងកាត់ ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោកជំទាវក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំង គ្រប់ប្រភេទ ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៕