រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមការងារកងទ័ពបាននឹងកំពុងសម្រុកចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ
ថ្ងៃចេញផ្សាយ: Monday, May 24, 2021, 5:15 PM
រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងទ័ព និងក្រុមគ្រូពេទ្យ បាននឹងកំពុងសម្រុកចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ខណៈដែលអតីតតំបន់ក្រហមនៅក្នុងខណ្ឌចំនួន៤ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចាក់ជូនបងប្អូនប្រជាពលរដ្ឋបានប្រមាណជាង៧៦ម៉ឺននាក់ហើយ ទាំងដូសទី១និងដូសទី២ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺនឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
ពាក់ព័ន្ធនឹងតំបន់លឿងនៅរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យបានធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដែលមានរហូតដល់២០ទីតាំង ហើយកាលពីថ្ងៃទី២៣ ខែឧសភា ម្សិលម៉ិញ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីការសហការជាមួយកងទ័ព និងក្រុមគ្រូពេទ្យធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌចំនួន៣ទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានចំនួន២០ទីតាំងដូចគ្នា។
នៅគ្រប់ទីតាំងចាក់វ៉ាក់សាំង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង តែងចុះពិនិត្យមើលជាប្រចាំ និងបានណែនាំដល់អាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះ ប្អូន ប្រជាពលរដ្ឋទាំងអស់ដែលត្រូវទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់។ ត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ » របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើស្មារតីស្រឡាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្តាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង « ព្រឹត្តិការណ៏សហគមន៍ ២០ កុម្ភៈ ២០២១» នៅរាជធានីភ្នំពេញ ឱ្យបានឆាប់ៗ នាពេលខាងមុខនេះ។
គួរបញ្ជាក់ថា ៖ អតីតតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលបានឲ្យក្រុមគ្រូពេទ្យសម្រុកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់នោះ បានចំនួន៧៦ម៉ឺននាក់ហើយ នៅក្នុងខណ្ឌចំនួន៤គឺខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ ដោយគិតត្រឹមថ្ងៃ២៣ឧសភាម្សិលម៉ិញ។
ដោយឡែកសម្រាប់ ទីតាំងចាក់វ៉ាក់សាំងមួយកន្លែងនៅមុខរោងចក្រសាំហាន់ ស្ថិតនៅក្នុងសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ ទីតាំងនេះបានទទួលការកោតសរសើរ ពីរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២៤ ខែឧសភានេះ ដោយទីតាំងនេះបានរៀបចំទាំងមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ ជាមួយនិងរក្សាបាននូវគំលាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ បានយ៉ាងល្អ ចំពោះបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាទៅចាក់វ៉ាក់សាំងនៅទីនោះ៕