ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ បន្តចែកអំណោយជូនប្រជាពលរដ្...

រដ្ឋបាលរាជធានីភ្នំពេញ បន្តចែកអំណោយជូនប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយការលំបាក ខណៈរួមគ្នាកាត់ផ្តាច់ជម្ងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ: Saturday, April 24, 2021, 11:43 AM

img2404216 img2404214

 

 

 

 

             អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានី ហ៊ុនសែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ និងមានជីវភាពខ្វះខាតចំនួន ១.០០០គ្រួសារ មកពីសង្កាត់ទាំងប្រាំបី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ នៅលើផ្លូវលេខ៣៦៩ ជាប់ផ្សារបន្លែច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ២៥០នាក់ ជាមួយនិងការរក្សាគម្លាតសុវត្ថិភាពល្អប្រសើរ។ ចំពោះប្រជាពលរដ្ឋជាង៧០០គ្រួសារទៀត អាជ្ញាធរខណ្ឌច្បារអំពៅ ជាអ្នកចែកបន្ត។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការបិទខ្ទប់ភូមិដ្ឋានរបស់បងប្អូន ជាការសម្រេចចិត្តដ៏លំបាកបំផុតរបស់រាជរដ្ឋាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ពិសេសត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។

ឯកឧត្តម ឃួង ស្រេង បន្តទៀតថា បើបងប្អូនមានការអត់ធ្មត់ ចូលរួមជាមួយរាជរដ្ឋាភិបាលអោយបានល្អប្រសើរ ជុំវិញការបិទខ្ទប់ រហូតកាត់ផ្ដាច់ជម្ងឺកូវីដ-១៩បាន នោះរាជរដ្ឋាភិបាលនឹងបើកក្រុងឡើងវិញ ហើយនៅពេលបើកឡើងវិញ មិនមានប្រឈមនឹងជម្ងឺកូវីដ-១៩ នោះកម្ពុជាយើងនឹងដំណើរការប្រសើរឡើងវិញ ជីវភាពប្រជាពលរដ្ឋក៏ប្រសើរឡើងវិញព្រមៗគ្នាផងដែរ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់បន្ថែមទៀតថា មានជនអគតិមួយចំនួនបានតែស្រែក ពេលមានបញ្ហាលំបាកមិនដែលឃើញមុខពួកគេនោះចុះមកជួយប្រជាពលរដ្ឋទេ មានតែសម្ដេចតេជោទេ ដែលបាននៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះបីស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណាក៏ដោយ។ ជាក់ស្តែងសម្រាប់សភាពការណ៍ពេលនេះ សម្ដេចតេជោ បានចាត់ចែងឱ្យអាជ្ញាធរ ចុះចែកគ្រឿងឧបភោគ បរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋ នៅតំបន់ត្រូវបិទខ្ទប់ និងចុះសុខទក្ខប្រជាពលរដ្ឋជាប្រចាំ បើមានការខ្វះខាតអ្វីយើងជួយពួកគាត់បានភ្លាមតែម្តង ដោយមិនទុកអោយពួកគាត់អត់បាយឡើយ។

គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ មានជីវភាពខ្វះខាតខាងលើនេះ មានចំនួន ១.០០០គ្រួសារ មកពីសង្កាត់ទាំងប្រាំបី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ មីមួយកេស ត្រីខមួយយួរ៕

img2404215 img2404213 img2404212 img2404211 img24042110 img2404218