រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបិទផ្សារមួយចំនួនធំទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់ផ្តាច់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩
ថ្ងៃចេញផ្សាយ: Saturday, April 24, 2021, 9:38 AM
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិនិត្យឱ្យបានម៉ត់ចត់ចំពោះសកម្មភាពនៅតាមផ្សារនានា ដោយយើងនឹងត្រូវបិទផ្សារមួយចំនួនធំទៀតនៅ រាជធានីភ្នំពេញ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។
ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនារាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ Video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារមួយចំនួន ដូចជាការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ការរៀបចំវិធានការលើការបិទផ្សារនានា និងការងាររៀបចំកន្លែងយកសំណាកពីអ្នកសង្ស័យកូវីដ-១៩ ផងដែរ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖ ចំពោះការងារនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវតែរៀបចំដោយការយកចិត្តទុកដាក់ និងម៉ត់ចត់ ពិសេសរក្សាគម្លាតសុវត្ថិភាពចំពោះ ប្រជាពលរដ្ឋមកចាក់។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ៖ កន្លងមកនេះយើងបានឃើញហើយ នៅតាមផ្សារនានា បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ពេលពួកគាត់ទៅផ្សារហាក់មិនខ្លាចឆ្លងកូវីដ-១៩សោះឡើយ។ ទង្វើទាំងនេះ បានធ្វើអោយចំនួនអ្នកឆ្លងនៅតាមផ្សារនានា នៅក្នុុងរាជធានីភ្នំពេញបានកើនឡើងយ៉ាងលឿនគួរឱ្យព្រួយបារម្ភ។ ដោយឃើញពីបញ្ហាប្រឈមខ្លាំងនេះ រដ្ឋបាលរាជធានីភ្នំពេញរបស់យើងបានធ្វើការបិទផ្សារជាបន្តបន្ទាប់ ហើយជាបន្ទាប់យើងនឹងបិទផ្សារមួយចំនួនធំទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជម្ងឺ កូវីដ-១៩។ ចំពោះផ្សារដែលយើងត្រូវបិទបន្តទៀតនេះ មានផ្សារគីឡូម៉ែត្រ៦ ផ្សារគីឡូម៉ែត្រលេខ៧ និងផ្សារព្រែកព្នៅជាដើម ដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងចេញលិខិតបិទតែម្តង។
ឯកឧត្តមបញ្ជាក់ផងដែរថា ៖ បើទោះជាមានការបិទផ្សារក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតែអាចទិញបន្លែ ត្រីសាច់ ម្ហូបអាហារបាន តាមរយៈ អនឡាញ តាមឡានលក់បន្លែ ត្រី សាច់ ឬ តាមរឺម៉ក ជាដើម ដោយមិនឱ្យពួកគាត់លក់លើសពីតម្លៃទីផ្សារឡើយ ដោយអាជ្ញាធររបស់យើងជាអ្នកតាមដាន និងពិនិត្យទៅលើតម្លៃនេះ៕