អង្គការទស្សនៈពិភពលោកប្រគល់ គ្រឿងឧបភោគ បរិភោគ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវី-១៩
ថ្ងៃចេញផ្សាយ: Friday, April 23, 2021, 4:01 PM
គ្រឿងឧបភោគ បរិភោគ ដែលមានដូចជា អង្ករ មី ទឹកស៊ីអុីវ ត្រីខ និងម៉ាសបីស្រទាប់ផងដែរនោះ ត្រូវបានអង្គការទស្សនៈពិភពលោក(World vision)ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩នៅរាជធានីភ្នំពេញ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលខ្លាំង ដោយមានអ្នកឆ្លងរហូតដល់រាប់ពាន់នាក់ និងមានអ្នកស្លាប់ជាបន្តបន្ទាប់ដែរនោះ។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ហុក ហួរលីម នាយករដ្ឋបាលស្តីទី សាលារាជធានីភ្នំពេញ។
លោក ហុក ហួរលីម បានមានប្រសាសន៍ថា ក្នុងនាមលោកតំណាងអោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោក ដែលបានជួយឧបត្ថមជា អង្ករ មី ទឹកស៊ីអុីវ ត្រីខ និងម៉ាសបីស្រទាប់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះរបស់អង្គការទស្សនៈពិភពលោក គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគ បរិភោគ ខាងលើនេះរួមមាន អង្ករចំនួន៣តោនកន្លះ ទឹកស៊ីអុីវ៥០ឡូ ត្រីខ៥០យួរ និងម៉ាសបីស្រទាប់១០.០០០ម៉ាស់៕