ប្រជាពលរដ្ឋរស់នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ចំនួន ២.០០០គ្រួសារ ទទួលបានអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ថ្ងៃចេញផ្សាយ: Thursday, April 22, 2021, 4:14 PM
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ អញ្ជើញចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ រស់នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន ២.០០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយ សារមេរោគកូវីដ-១៩។ ការចែកជូនអំណោយនៅពេលនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានគិតគូរ និងព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលកូវីដ-១៩ នេះ ដោយសម្ដេចបានដាក់ចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បី បង្ការ និងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន គឺ ៣កុំ និង៣ការពារ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនាពេលនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩។
លោកជំទាវបញ្ជាក់ផងដែរថា ៖ ជំងឺដ៏កាចសាហាវនេះ នៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅក៏មិនមានអ្នកទៅធ្វើបុណ្យ ដូចកាលពីមិនទាន់មានកូវីដ-១៩ ដែរ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឲ្យបានជំងឺកូវីដ-១៩នេះ ខណៈដែលរាជរដ្ឋាភិបាល បានចេញ សេចក្តីសម្រេចជាបន្តបន្ទាប់ នៃការបិទខ្ទប់រាជធានីភ្នំពេញ រយៈពេល ១៤ ថ្ងៃ។ ក្នុងរយៈពេលនេះ សូមបងប្អូនទាំងអស់អត់ធ្មត់ ក្រោយមានស្ថានភាពធូរស្បើយនៃការរីករាលដាល បើយើងអាចបិទខ្ទប់បានជោគជ័យ បងប្អូនប្រជាពលរដ្ឋ អាចនឹងដើរហើរ និងប្រកបរបររកស៊ីប្រចាំជីវិត ដូចធម្មតាឡើងវិញហើយ។
សូមបញ្ជាក់ថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្រ្តី បានអញ្ជើញចែកអំណោយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់តំណាងប្រជាពលរដ្ឋចំនួន ២០០គ្រសារ ក្នុងចំណោម ២.០០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គក្រ មី០១កេសតូច ត្រីខ០១យួរ ទឹកត្រី៦ដប និងទឹកសុីអុីវ៦ដប៕