អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរ ចុះពិនិត្យមើលការដ្ឋានស្ថាបនាប្រព័ន្ធលូ ការរ៉ូឡា សួនច្បារ ការដាំដើមឈើ នៅលើមហាវិថីព្រះនរោត្តមនិងអ៊ុតកៅស៊ូលើផ្លូវ៤៦២
ថ្ងៃចេញផ្សាយ: Thursday, May 21, 2020, 2:18 PM
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋានស្ថាបនា ប្រព័ន្ធលូ ការរៀបចំការរ៉ូឡា រៀបជាសួនច្បារជាមួយនឹងការដាំដើមឈើ នៅតាមបណ្ដោយផ្លូវព្រះនរោត្តម និងនៅលើផ្លូវលេខ៤៦២ ក្នុងសង្កាត់ ទន្លេបាសាក់ខណ្ឌចំការមន។
ការចុះត្រួតពិនិត្យការដ្ឋានខាងលើនេះ គឺដើម្បីជំរុញឲ្យការដ្ឋានខាងលើ ដំណើរការទៅដោយរលូន លឿននិងមានគុណភាពភាពស្របតាមស្តង់ដារបច្ចេកទេស ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ការដ្ឋានដែលកំពុងដំណើរការនៅលើមហាវិថីព្រះនរោត្ដម គឺជាការដ្ឋានដាក់ប្រព័ន្ធលូ បង្ហូរទឹកមុខកាត់១ម៉ែត្រ ការរៀបចំការឺឡានៅចិញ្ចើមផ្លូវ បង្កើតជាសួនច្បារជាមួយនឹងការដាំដើមឈើផងដែរ។ ចំណែកនៅលើកំណាត់ផ្លូវ៤៦២ ការដាក់ប្រព័ន្ធលូក្រុមការងារបានដាក់រួចរាល់ហើយ។ ការងារចំពោះមុខ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យរៀបចំ ការ៉ូឡាតាមចិញ្ចើមផ្លូវនេះឱ្យបានលឿន ស្អាតនិងមានគុណភាព ជាមួយការអ៊ុតកៅស៊ូនៅលើបណ្ដោយផ្លូវនេះអោយបានស្អាតផងដែរ ដោយចាប់ពីមហាវិថីព្រះនរោត្តមដល់ផ្លូវលេខ៦៣៕