ប្រជាពលរដ្ឋដែលត្រូវ ចេញពីលំនៅដ្ឋានទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យម្នាក់ក្នុងមួយគ្រួសារ
ថ្ងៃចេញផ្សាយ: Tuesday, April 20, 2021, 8:53 AM
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ បងប្អូនប្រជាពលរដ្ឋដែលត្រូវចេញពីលំនៅដ្ឋាន ទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋាន ជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យ ដោយមួយគ្រួសារចេញបានតែម្នាក់ប៉ុណ្ណោះ។
ចំណែកផ្សាររដ្ឋ និងផ្សារឯកជនទាំងអស់ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់អោយបាននៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ។
ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅរាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
ក្រៅពីការបញ្ជាក់ខាងលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំដល់កងកម្លាំងជិះល្បាតក្នុង មូលដ្ឋាន ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ធានាឱ្យបានក្នុងមូលដ្ឋាន គ្មានការធ្វើចរាចរណ៍ ការជួបជុំផឹកសុី និងការប្រមូលផ្ដុំជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនក្នុងយុទ្ធនាការ នៃការបិទខ្ទប់រាជធានីភ្នំពេញនេះ។
ឯកឧត្តមបន្ថែមថា ៖ចំពោះការអនុញ្ញាតជូនបងប្អូន ប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ដើម្បីទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនអោយ ដោយមួយគ្រួសារចេញបានតែមួយនាក់ប៉ុណ្ណោះ ហើយ ផ្សាររដ្ឋ និងផ្សារឯកជនទាំងអស់ ត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និង ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នោះ គឺ ” បីកុំ បីការពារ “។
ដោយឡែកចំពោះការងារចែកអំណោយ ឯកឧត្តម ឃួង ស្រេង បានជុំរុញឱ្យខណ្ឌទាំងអស់ អនុវត្តឱ្យមានតម្លាភាព លឿន រហ័ស ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានការខ្វះខាត បានទាន់ពេវេលា៕