ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរវាង...

ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរវាងស្ថានទូតជប៉ុន និង ​រដ្ឋបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Wednesday, February 19, 2025, 5:45 PM

img1902251 img1902256

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) លើគម្រោងចំនួនពីររួមមាន៖១. “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ” ក្នុងថវិកាគម្រោងចំនួន ៨៣.៦៧២ដុល្លាអាមេរិក។  រថយន្តនេះមានមុខងារនឹងជួយឱ្យក្រុមការងារពន្លត់អគ្គិភ័យ មានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការសង្រ្គោះ។ ២. “គម្រោងធ្វើលទ្ធកម្ម    រថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ” ក្នុងថវិកាគម្រោងចំនួន ១៥៤.៣៧៦ដុល្លាអាមេរិក។ គម្រោងនេះនឹងផ្តល់ជូននូវរថយន្តសង្រ្គោះបន្ទាន់ចំនួន ០១គ្រឿង ជាប្រភេទពន្លតអគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យបំពាក់ជណ្តើរកម្ពស់ ៤០ម៉ែត្រចំនួន ០១គ្រឿង។

ពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះនឹងត្រូវចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi)    ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង​ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភជាថវិកា សម្ភារ និងបច្ចេកទេសក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញជារៀងរហូតមក ជាពិសេសគម្រោងដែលបានចុះហត្ថលេខានាពេលនេះ គឺមិនត្រឹមតែបានគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ “កម្ពុជា-ជប៉ុន” ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តន៍។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរាជធានីបានបង្ហាញក្តីសង្ឈឹមយ៉ាងមុតមាំថាតាមរយៈការផ្តល់ជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យនាពេលនេះ គឺជាតម្រូវការចាំបាច់ចំពោះមុខ និងទាន់ពេលវេលា ដើម្បី ធានាដល់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង៕

img1902257 img1902255 img1902259 img19022510 img1902254 img1902253 img19022512 img19022511 img1902252 img19022514 img19022513 img19022515 img19022516 img19022518 img19022519 img19022520 img19022517 img1902258