ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២១
ថ្ងៃចេញផ្សាយ: Friday, January 21, 2022, 11:05 AM
បើទោះបីជាយើងមានចំណេះដឹងយ៉ាងណាក៏ដោយ នៅពេលដែលចុះបំពេញការងារយើងមិនបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារដែលបាននឹងកំពុងអនុវត្តនោះទេ លទ្ធផលការងាររបស់យើងគឺស្មើនឹងសូន្យ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២១ ចំនួន១០នាក់នៅសាលារាជធានីភ្នំពេញ នារសៀលទី១៩ ខែមករា ឆ្នាំ២០២១នេះ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយសម្តេចយល់ថា ការបណ្ដុះបណ្ដាលធនធានមនុស្សនឹងអាចកសាងប្រទេសជាតិមួយឱ្យបានរឹងមាំ និងរីកចម្រើនជឿនលឿន។ ជាក់ស្ដែងក្រោយឆ្នាំ១៩៧៩ ពោលគឺនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានបើកបវេសនកាល ដើម្បីឱ្យមានការសិក្សាឡើងវិញ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។
ឯកឧត្ដម បន្តថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ទោះបីអ្នកនោះ ចេះដឹងក្នុងកម្រិតណាក៏ដោយ បើពេលទៅបំពេញការងារយើងមិនបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារនោះទេ នោះការងាររបស់យើង ស្មើនឹងចំណុចសូន្យ។ ដូច្នេះស្នើឱ្យមានការខិតខំប្រឹងប្រែងបំពេញការងារឱ្យល្អប្រសើរ នោះសង្គមជាតិក៏រីកចម្រើនទៅតាមនោះដែរ ។
ឯកឧត្ដម បញ្ជាក់ផងដែរថា ការខិតខំបំពេញការងារដោយប្រើចំណេះដឹងរបស់យើងប្រៀបបាននឹងការសំលៀងកាំបិតអញ្ចឹងដែរ មានន័យថា បើយើងមិនយកចំណេះដឹងមកប្រើប្រាស់ទេ ចំណេះដឹងនោះនឹងទទួលរងនូវការរេចរិល។ សុំឱ្យប្អូនៗ ជាកម្មសិក្សាការី នៃសាលភូមិន្ទរដ្ឋបាលទាំងអស់ ត្រូវយកចំណេះដឹងដែលបានសិក្សាទាំងនេះ ទៅបម្រើប្រជាពលរដ្ឋឱ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសូមឱ្យប្អូនៗ ទាំងអស់មានមហិច្ឆតាខ្ពស់ធ្វើយ៉ាងណាខិតខំរៀនសូត្រថែមទៀត ស្របទៅមហិច្ឆតារបស់សម្ដេចតេជោ ហ៊ុន សែន គឺចង់ឱ្យប្រទេសកម្ពុជា មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា រស់នៅដោយភាពសុខសាន្ត។
ឯកឧត្ដម ក៏បានស្នើឱ្យប្អូនៗ មានការចែករំលែកចំណេះដឹងជូនទៅអ្នករួមការងារជាមួយគ្នា សាមគ្គីភាពគ្នាឱ្យបានល្អប្រសើរ សំដៅធ្វើយ៉ាងណារួមគ្នាកសាងប្រទេសយើងឱ្យបានរីកចម្រើន និងរឹងមាំ។ យើងត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ។ ដូច្នេះគ្រប់កិច្ចការងារក្នុងនាមជាមន្ត្រីរាជការត្រូវតែនៅកៀកជិតជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ពោលគឺ ពេលដែលបងប្អូនប្រជាពលរដ្ឋត្រូវការគឺយើងអាចជួយពួកគាត់បានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា កម្មសិក្សាការី ទាំង១០នាក់នេះបានបញ្ចប់ការសិក្សាឆ្នាំសិក្សា២០២១ ក្រោយពីបានសិក្សារៀនសូត្រអស់រយៈពេល៩ខែ នៅសាលាភូមិន្ទរដ្ឋបាល ដោយបានសិក្សាកាលពីខែកុម្ភៈ រហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យនៅខែធ្នូ ឆ្នាំ២០២១ បើទោះបីជាការសិក្សាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩យ៉ាងណាក្តី៕