ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ណែនាំអាជ្ញាធរខណ្ឌទាំង១៤ ធ្វើបច្ចុប្បន្នភាពពលរដ្ឋក្រីក្រ និងងាយរងហានិភ័យឡើងវិញ ដើម្បីជួយដល់ពួកគាត់
ថ្ងៃចេញផ្សាយ: Monday, December 18, 2023, 2:16 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ចុះធ្វើបច្ចុប្បន្នភាពឡើងវិញ ពីប្រជាពលរដ្ឋក្រីក្រ (ក្រ១ ក្រ២) និងពលរដ្ឋដែលរងហានិភ័យ ដើម្បីអាជ្ញាធរបានជួយពួកគាត់ឱ្យចំគោលដៅ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ឯកឧត្តមជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្តសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន-រុស្ស៉ី បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា ក៏បានទទួលនូវផលប៉ះពាល់ទាំងនេះដែរ ដែលទាមទារឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសចៅសង្កាត់ទាំង១០៥ ដែលជាប្រតិបត្តិករត្រូវពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងហានិភ័យ ដើម្បីយើងបានជួយពួកគាត់ឱ្យចំគោលដៅ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីស្តាប់នូវបញ្ហាប្រឈមនានា ហើយយកបញ្ហាទាំងនោះមកដោះស្រាយ។ សម្រាប់ខណ្ឌទាំង១៤ ពិសេសគឺចៅសង្កាត់ទាំង១០៥ ត្រូវប្រជុំរៀបចំផែនការ ប្រជុំដាក់ផែនការ និងត្រួតពិនិត្យផែនការ ដកស្រង់បទពិសោធន៍ យ៉ាងហោចណាស់ក្នុង១ឆ្នាំឱ្យបាន២ដង។ រាជរដ្ឋាភិបាលបានចំណាយថវិកាច្រើនណាស់ ដល់ជំនួយសង្គមនេះ ដូច្នេះក្នុងនាមជាប្រតិបត្តិករត្រូវធ្វើការងារឱ្យចំគោលដៅ ពោលគឺចំប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ កុំឱ្យមានការច្រណែនគ្នា បើយើងអនុវត្តការងារនេះចំគោលដៅហើយនោះ វាមិនត្រឹមតែមិនមានភាពច្រណែនគ្នាប៉ុណ្ណោះទេ តែយើងក៏មានឧត្ដមភាពលើការងារនេះផងដែរ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «យើងត្រូវចាំថា មន្ត្រីនៅថ្នាក់មូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋ គឺមិនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ យើងជាអ្នកបម្រើប្រជាពលរដ្ឋរាល់ថ្ងៃ នៅពេលប្រជាពលរដ្ឋមានបញ្ហា យើងត្រូវចុះជួយពួកគាត់ភ្លាមៗ»។ បន្ថែមលើសពីនេះ ឯកឧត្តមបានលើកឡើងថា ក្នុងនាមអាជ្ញាធរត្រូវដឹងថា ប្រជាពលរដ្ឋក្រីក្រ ត្រូវការជំនួយសង្គម ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ហើយការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ក៏ជាការងារចាំបាច់បំផុត ដែលយើងត្រូវអនុវត្ត។ យើងត្រូវចាំថា សន្តិសុខ គឺជាអ្វីដែលប្រជាពលរដ្ឋចង់បានគ្រប់គ្នា មិនថា អ្នកមាន ឬអ្នកក្រឡើយ។
ឯកឧត្តមបានណែនាំឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ត្រូវសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ ធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំ ដើម្បីទទួលបានព័ត៌មានជាក់លាក់។ សម្រាប់អាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ និងមន្ត្រីជាប្រតិបត្តិករ ក៏ត្រូវបន្តសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញផងដែរ ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ កាត់បន្ថយឱ្យបាននូវភាពអសកម្មនានា។
ជាមួយគ្នានេះ ឯកឧត្តមជំរុញឱ្យពិនិត្យមើលឧបករណ៍ប្រើប្រាស់លើការងារនេះ ឱ្យបានល្អដោយត្រូវជួសជុល កែលំអរដំឡើង Version នៅលើ (ថេបប្លេត) ដើម្បីអាចដំណើរការលើការងារនេះបានលឿនអាចបញ្ចូលទិន្នន័យបានគ្រប់ទាំងអស់។ ខណ្ឌ និងសង្កាត់ ត្រូវចុះធ្វើការងារជួបជនពិការភាពនៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់អាចទទួលបានប្រាក់ឧបត្ថមជំនួយសង្គមនេះ ពីរាជរដ្ឋាភិបាលដែរ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីទទួលបានអត្ថប្រយោជន៍ និងប័ណ្ណសម្រាប់សម្គាល់ជនមានពិការភាព ក្នុងកម្មវិធីជាតិជំនួយសង្គមជាសាច់ប្រាក់ ចាប់តាំងចាប់ពីចាប់ផ្តើមកម្មវិធីរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដាសង្កាត់ ទាំង១០៥ ក្នុងរាជធានីភ្នំពេញ។
លោកស្រី បានថ្លែងថា កម្មវិធីកញ្ចប់គ្រួសារ៖
*១៖ កម្មវិធីកញ្ចប់គ្រួសារ នឹងត្រូវធ្វើសមាហរណកម្មរួមបញ្ចូលគ្នានៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, អ្នកផ្ទុកមេរោគអេដស៍, មនុស្សវ័យចាស់ ចាប់ពីអាយុ៦០ឆ្នាំឡើង,ជនមានពិការភាពក្នុងគ្រួសារក្រីក្រ,និងការឧបត្ថម្ភជូនសិស្សានុសិស្ស ក្នុងគ្រួសារក្រីក្រពី ថ្នាក់ទី១ រហូតដល់ទី១២ ដែលកម្មវិធីនេះនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ
*២៖ គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន គោលបំណងដើម្បី ជីវភាពផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះផ្តោតលើការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យអំឡុងពេលសម្ពាធអតិផរណា។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានទឹកជំនន់។ កម្មវិធីនានាត្រៀមឆ្លើយតបនឹងគ្រោះអាសន្នពេលខាងមុខ៕