ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យដល់ទីតាំបិទខ្ទប់នៅគល់ស្ពានក្បាលថ្នល់ ត្រើយខាងលិច ក្នុងពេលដែលប្រជាពលរដ្ឋនៅតែបន្តធ្វើដំណើរ ដោយមិនមានការចាំបាច់
ថ្ងៃចេញផ្សាយ: Saturday, April 17, 2021, 3:11 PM
ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រកាសថា៖បើបងប្អូនប្រជាពលរដ្ឋនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញកំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ មិនមានការយោគយល់ឡើយ ពោលគឺនៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធិឬគ្មានឯកសារ ក្នុងការអនុញ្ញាតឱ្យធ្វើដំណើរទេ អាជ្ញាធរនឹងធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តទៅតាមច្បាប់។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែមេសាឆ្នាំ២០២១នេះ ខណៈដែលឯកឧត្តម និងសហការី ចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ ត្រង់ចំណុចគោលដៅស្ពានក្បាលថ្នល់ ស្របពេលដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ដែលជាហានិភ័យនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានណែនាំដល់កម្លាំងសមត្ថកិច្ច និងបានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើការបកក្រោយ ហើយប្រសិនបើមិនគោរពតាមទេ និងធ្វើការពិន័យទៅតាមច្បាប់។ ឯកឧត្តមបញ្ជាក់ថា ៖បងប្អូនប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ កំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ មានន័យថា នៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធិឬគ្មានឯកសារ ក្នុងការអនុញ្ញាអោយធ្វើដំណើរទេ អាជ្ញាធរនឹងធ្វើការឃាត់ខ្លួន អនុវត្តទៅតាមច្បាប់តែម្តង៕