រដ្ឋបាលរាជធានី គ្រោងនឹងស្តារប្រឡាយឱ្យបានធំទូលាយ ក្នុងខណ្ឌ៣ នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខ
ថ្ងៃចេញផ្សាយ: Friday, January 15, 2021, 10:30 AM
អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងស្តារប្រឡាយបង្ហូរទឹកឱ្យបានធំទូលាយនៅក្នុងខណ្ឌចំនួន៣ នៅជាយរាជធានីភ្នំពេញ នោះគឺនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។
ការលើកឡើងជាគម្រោងដើម្បីស្ដារប្រឡាយបង្ហូរទឹកខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅក្នុងអង្គប្រជុំពិភាក្សាមួយដើម្បីស្ដារប្រឡាយមេធំមួយ គឺប្រឡាយទួលពង្រ១ ខណៈដែលតំបន់នេះតែងតែទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាគ្នារកដំណោះស្រាយដើម្បីស្តារប្រឡាយមេមួយនេះអោយបានធំ ក្រោយពីទឹកជំនន់បានជន់លិចនាពេលកន្លងមក ខណៈប្រឡាយនេះត្រូវបានគេរំលោភបំពានធ្វើឲ្យកន្លែងខ្លះតូចចង្អៀតដែលពិបាកអោយទឹកហូរបាន។
ឯកឧត្តម ឃួង ស្រេង បន្តថា បើកិច្ចប្រជុំលើកនេះមិនមានដំណោះស្រាយឱ្យបានល្អនៅឡើយទេ រដ្ឋបាលរាជធានីភ្នំពេញនឹងលើកជាអង្គប្រជុំនៅសប្តាហ៍ក្រោយទៀត ដើម្បីធ្វើយ៉ាងណា អនុវត្តការស្ដារប្រឡាយនេះឲ្យបានជោគជ័យ បញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងពីគម្រោងនៃការស្ដារប្រឡាយ ទួលពង្រ១ ដែលមានប្រវែងជាង៤០០០ម៉ែត្រ ហើយការស្តារប្រឡាយធំនេះ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យមន្ទីរពាក់ព័ន្ធដូចជាមន្ទីរធនធានទឹក មន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខណ្ឌ រួមគ្នា ដើម្បីកោះហៅប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងប្រឡាយនេះមកប្រជុំធ្វើការដោះស្រាយ ធ្វើយ៉ាងណាជំរុញការងារនេះអោយបានលឿននិងទាន់ពេលវេលា។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា ប្រឡាយទួលពង្រ១ដែលគ្រោងស្តារឡើងវិញនេះ ទំហំប្រឡាយ មានលក្ខណៈរួមតូច មានគេចាក់ដីបិទមុខទឹកហូរ ដែលត្រូវស្ដារប្រឡាយនេះជាបន្ទាន់ ហើយការសាងសង់ប្រឡាយនេះ ត្រូវសាងសង់ឡើងជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤.៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង១.២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ៕