ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទំនប់សណ្ដរស្ទឹងព្រែកត្នោត កងកម្លាំងកំពុងអន្តរាគមន៍ទប់ទឹកជំនន់
ថ្ងៃចេញផ្សាយ: Wednesday, October 14, 2020, 8:49 AM
នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ទឹកសណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់ទៀន និងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ឡើងដល់កម្រិតប្រកាសអាសន្នហើយ លិចផ្លូវ ហើយកងកម្លាំងកំពុងអន្តរាគមន៍ទប់ទឹកជំនន់។
ដើម្បីសេចក្ដីសុខរបស់ប្រជាពលរដ្ឋ ទោះបីខណៈមេឃកំពុងភ្លៀងរលឹមផង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីម៉ោង៣រសៀល រហូតដល់ម៉ោង១១យប់ ថ្ងៃទី១៣ តុលានេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពផ្លូវទំនប់សណ្តរស្ទឹង ក្នុងភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ ទឹកបានហូរកាត់ផ្លូវជាច្រើនកន្លែង ហើយដែលខណៈ មានការគំរាមកំហែងដោយជំនន់ទឹកភ្លៀងនៅតាមដងស្ទឹងព្រែកត្នោត ដើម្បីរិះរកមធ្យោបាយធ្វើយ៉ាងណាទប់ស្កាត់ការបាក់ទំនប់ដងស្ទឹង បង្កគ្រោះ មហាន្តរាយដល់ប្រជាពលរដ្ឋ។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនៃការដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញចុះមើលស្ថានភាពនេះ ឯកឧត្តមបានដាក់បទបញ្ជាឲ្យបញ្ជូនគ្រឿងចក្រជាបន្ទាន់ ជាមួយនឹងរថយន្តដឹកដី ដើម្បីដឹកមកចាក់បំពេញកន្លែងដែលមានទឹកហូរកាត់នេះ ជៀសវាងបង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ៕