ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរខណ្ឌព្រែកព្នៅ ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព
ថ្ងៃចេញផ្សាយ: Thursday, February 13, 2020, 4:33 PM
ទន្ទឹមនឹងការដោះស្រាយបញ្ហាប្រឈមចំនួន២ ជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព ដែលធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរខណ្ឌព្រែកព្នៅ និងអធិការខណ្ឌ បន្តដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នេះបន្តទៀត។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបារាជធានីភ្នំពេញ បានថ្លែងក្នុងពិធីប្រកាសឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា នេះជាការដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យខណ្ឌទទួលបានកិត្តិយស។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អភិបាលខណ្ឌទំាងអស់ ពិសេសខណ្ឌព្រែកព្នៅត្រូវដោះស្រាយបញ្ហាសំណង់មិនរៀបរយនៅតាមបឹងប្រឡាយរបស់រដ្ឋ គឺដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ហើយកុំឲ្យពួកគាត់ទៅរស់នៅកន្លែងសាធារណៈផ្សេងទៀត ដើម្បីកុំឲ្យដោះស្រាយបញ្ហានេះច្រើនដងឬមិនចេះចប់។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៅរដ្ឋបាលខណ្ឌនេះ គឺដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានថ្លែងថា រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាគណៈបញ្ជាការឯកភាពភាពរដ្ឋបាលខណ្ឌ បានខិតខំប្រឹងប្រែងអនុវត្តការងារពុះពាររាល់ការលំបាកនិងដាក់ចេញនូវវិធានការប្រទាក់ក្រឡានិងប្រើប្រាស់នូវកម្លាំងជំនាញ និងកម្លាំងសរុប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ យ៉ាងមានប្រសិទ្ធភាព ពិសេសពង្រឹងការអនុវត្តន៍គោលនយោបាយ “ភូមិសង្កាត់មានសុវត្ថិភាព ” ដើម្បីរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានប្រកបដោយភាពសុខសាន្ត។ ក្នុងនោះជាការគួរគត់សម្គាល់គឺ សកម្មភាព លួចឆក់ ប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងបទល្មើស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បានកាត់បន្ថយជាអតិបរមានៅមូលដ្ឋានខណ្ឌ និងបានជំរុញភ្នាក់ងារប្រមូលសំរាមតាមសង្កាត់សហការគ្នា ជាមួយសណ្តាប់ធ្នាប់ខណ្ឌ និងមន្រ្តីមូលដ្ឋានតាមបណ្តាសង្កាត់ ដើម្បីធ្វើការប្រមូលសំរាមមិនឲ្យមានការកកស្ទះយូរថ្ងៃ បណ្តាលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនិងប៉ះពាល់បរិស្ថាននៅក្នុងមូលដ្ឋានឡើយ៕