ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង បានស្នើសុំអោយកីឡាករ កីឡាការិន...

ឯកឧត្តម ឃួង ស្រេង បានស្នើសុំអោយកីឡាករ កីឡាការិនីអុំ ចែវទូក និងប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា

ថ្ងៃចេញផ្សាយ: Tuesday, November 12, 2024, 6:15 PM

img12112414 img12112411

 

 

 

 

 

ឯកឧត្តម​ ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានស្នើសុំអោយកីឡាករ កីឡាការិនីអុំ ចែវទូក និងប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងសុំអោយអាជីវករលក់ដូរទាំងអស់កុំតម្លើងថ្លៃម្ហូបអាហារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។

          ការស្នើសុំនេះរបស់ ឯកឧត្ដម​ ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈឯកឧត្តម និងលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីសម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះផង​ និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ អកអំបុក​ នាពេលខាងមុខផង ក្នុងនាមរាជធានីភ្នំពេញជាម្ចាស់ផ្ទះ ជាកន្លែងប្រារពព្រះរាជពិធី។

          ការប្រារព្វពិធីបែបសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីបារមីលោកយាយដូនពេញ សូមជួយតាមបីបាច់ថែរក្សាចំណុះទូក និងសុំអោយដំណើរការប្រារព្វព្រះរាជពិធីបុណ្យអុំទូកប្រព្រឹតទៅដោយរលូននិងជោគជ័យប្រកបដោយសុខសុវត្ថិភាព និងប្រកបដោយភាពរីករាយស្និតស្នាល រក្សាបានប្រពៃណីទំនៀមទំលាប់ជាតិ និងសាមគ្គីភាព មិត្តភាព។

          ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ​ អកអំបុក បានទាក់ទាញការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិតាំងពីយូលង់មកហើយ។​ ព្រះរាជពិធីបុណ្យនេះ មានបំណងបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គាដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិសំរាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើងក្នុងការលើកស្ទួយវិស័យកសិកម្មជាតិឱ្យមានការរីកចំរើន។ ម៉្យាងទៀតក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងមហាគ្រួសាសំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងសុខសន្តិភាពដ៏បរិបូណ៏ រួមទាំងដំណើរការអភិវឌ្ឍន៏ប្រទេសជាតិយ៉ាងឆាប់រហ័ស ពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

          ឯកឧត្ដម​ ឃួង ស្រេង ក្នុងឱកាសនោះក៏បានណែនាំអោយអាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសលូច ឆក់ ប្លន់ ការពារបងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅព្រះរាជពិធីបុណ្យអុំទូកនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអនុវត្តតាមអនុសាសន៏ណែនាំរបស់សម្តេច មហាវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឱ្យទទួលបានភាពសប្បាយរីករាយ។

          ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករ​ កីឡាការនីអុំទូកទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសំរាកឱ្យបានគ្រប់គ្រាន់ជៀសវាងផលប៉ះពាល់ដល់សុខភាពដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ ដោយក្តីយោគយល់និងអធ្យាស្រ័យគ្នា ដើម្បីរួមគ្នាលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិ។

          លោក​ ហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញឲ្យដឹងថា៖ទូកទាំងអស់ដែលត្រូវប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកនេះមានចំនួន៤៤ទូក មកពី១២ខណ្ឌ ក្នុងចំណោម១៤ខណ្ឌ​ ក្នុងរាជធានីភ្នំពេញ ដោយបានចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ​ ទូកអុំបុរសនិងទូកចែវបុរស ដោយមាន កីឡាករ​ កីឡាការិនីសរុបចំនួន ៣.១៩៣នាក់ ស្រី៩២នាក់៕

img1211243 img1211244 img1211246 img1211247 img1211248 img1211249 img12112410 img12112412 img12112413 img12112414 img12112415 img12112416 img12112417 img12112418 img12112419 img12112420 img12112421 img12112422 img12112423 img12112424 img12112425 img12112426 img12112427 img12112428 img12112429 img12112430 img12112431 img12112432 img12112433 img12112434 img12112435 img12112436 img12112437 img12112438 img12112439 img12112440 img12112441 img12112442 img12112443 img12112444