នៅប៉ុន្មានម៉ោងទៀតទឹកភ្លៀងដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនឹងស្រកអស់មកជាធម្មតាវិញហើយ
ថ្ងៃចេញផ្សាយ: Monday, October 12, 2020, 4:18 PM
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា នៅសល់ប្រមាណជា៣ទៅ ៤ម៉ោងទៀតប៉ុណ្ណោះ ពោលគឺនៅរសៀលថ្ងៃទី១២ ខែតុលានេះ ទឹកភ្លៀងដែលបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងស្រកអស់មកជាធម្មតាវិញ ខណៈដែលក្រុមការងារបាននឹងកំពុងប្រតិបត្តិការក្នុងការបូមទឹកចេញនៅស្ថានីយបឹងទំពន់ ក្រោយពីភ្លៀងបានបង្អុរយ៉ាងខ្លាំងកាលពីរសៀល និងយប់ថ្ងៃទី ១១ខែតុលា ដោយចាប់ពីម៉ោង២និង៣០នាទីរសៀល រហូតដល់ម៉ោង១រំលងអាធ្រាត។
ការបញ្ជាក់បែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងខណៈដែល ឯកឧត្តម ដឹកនាំមន្ត្រីជំនាញនិង អាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពស្ថានីយបូមទឹកបឹងទំពន់នាព្រឹកថ្ងៃទី១២ ខែតុលានេះ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាខណៈដែលយើងប្រតិបត្តិការក្នុងការបូមទឹកនៅស្ថានីយបឹងទំពុននេះ គឺយើងបានបិទទ្វារទឹកចំនួន០៣កន្លែង នោះគឺបិទទ្វាទឹកនៅប្រឡាយបារាំង នៅបឹងសាឡាង និងនៅមុខមន្ទីរពេទ្យរុស្ស៊ី ដែលការបិទនេះ គឺដើម្បីសង្គ្រោះម៉ាស៊ីនបូមទឹកនៅស្ថានីយបឹងទំពុន។
ឯកឧត្តមបន្តទៀតថា ក្រោយពីក្រុមការងារបានសំរុកបូមទឹកនៅនៅស្ថានីយបឹងទំពន់នេះ ឃើញថា ទឹកបានស្រកចុះមួយចំនួនធំហើយ ពិសេសនៅមុខម៉ុងឌីយ៉ាល់ក៏បានស្រកអស់ផងដែរ ហើយវានឹងបន្តស្រក់នៅតំបន់មួយចំនួនទៀត ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា បើមានភ្លៀងខ្លាំងបែបនេះទៀត គឺយើងបានត្រៀមរួចរាល់ហើយ ទាំងបញ្ជាការដ្ឋានអង្គរក្សដែលមានម៉ាស៊ីនជួយអន្តរាគមន៍ ១០ទៅ២០គ្រឿង ដើម្បីស្ដារស្ថានភាពឲ្យមកដំណើរការជាធម្មតាវិញ ។
ក្នុងនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាយោគយល់ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយសារការលិចលង់នេះ ដោយរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងខ្លាំងណាស់ដើម្បីដោះស្រាយលើការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយសារតែភ្លៀង ដែលបានអូសបន្លាយរយៈពេលយូរនេះ។
ឯកឧត្តមបន្តថា គ្រោះធម្មជាតិកាលពីយប់មិញ ជាគ្រោះធម្មជាតិមួយដែលរាជធានីភ្នំពេញរបស់យើងមិនដែលជួបប្រទះទេ ហើយនេះក៏ជាមេរៀនមួយដែលយើងត្រូវកត់ត្រាទុក ដើម្បីធ្វើកិច្ចការងាររបស់យើងឲ្យបានល្អប្រសើរថែមទៀតក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវ៣៧១ នៅចំណុចស្ថានីយបឹងទំពន់នេះ កាលពីយប់មិញ រដ្ឋបាលរាជធានីភ្នំពេញបានបង្ខំចិត្តក្នុងការបិទចរាចរណ៍ជាបណ្ដោះអាសន្ន ហើយបានដាក់ឲ្យដំណើរការឡើងវិញកាលពីព្រឹកថ្ងៃទី១២ តុលានេះ ហើយស្ថានភាពនៅស្ថានីយ៍នេះឃើញថាមានលក្ខណៈល្អប្រសើរឡើងវិញហើយ៕