អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ !
ថ្ងៃចេញផ្សាយ: Wednesday, June 10, 2020, 9:47 AM
រដ្ឋបាលរាជធានី ប្រែក្លាយប្រឡាយទឹកស្អុយស្ទឹងមានជ័យ ទៅជាប្រឡាយបេតុងស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់។
ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ដោយបុកស៊ីផាយហៅជញ្ជាំងបេតុង ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លែង មកដល់ពេលនេះការដ្ឋានទាំងមូល សម្រេចបានប្រមាណ៩០ភាគរយហើយ ហើយនៅក្នុងពេលនេះ អាជ្ញាធរនិងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ និងកាយភក់ សំរាម ជាមួយនិងបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ ដែលគ្រោងនឹងរួចរាល់នៅក្នុងឆ្នាំនេះ ដើម្បីបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ថា៖ ការស្ថាបនាប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើម ស្លែង ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ ដោយក្នុងពេលនេះអាជ្ញាធរនិងក្រុមការងារបាននិងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ កាយភក់ សំរាម ជាមួយនិងបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ។ ការដ្ឋាននេះនឹងរួចរាល់នៅក្នុងឆ្នាំនេះ ឬក៏ឆាប់ជាងនេះ ដែលអាចបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងបានល្អប្រសើរ។
គួរបញ្ជាក់ថា៖ ដោយមានការណែនាំរបស់សម្តេចតេជោក្រោមនយោបាយដឹកនាំ និងការអនុវត្តរៀបចំដោយផ្ទាល់ពីរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឱ្យប្រឡាយស្ទឹងមានជ័យ ដែលជាច្រករំដោះទឹកពីគ្រប់តំបន់នេះ នៅរដូវស្សានេះភូមិសាស្ដ្រ ខណ្ឌពោធិ៍សែនជ័យ សែនសុខ និងខណ្ឌមានជ័យ កាត់បន្ថយបានការលិចលង់ហើយ។
បើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister បានឲ្យដឹងថា ក្រោយពីការដាក់ចេញនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តង តាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រើប្រាស់សមិទ្ធផល ដែលបានកសាងនេះឲ្យបានគង់វង្ស នឹងរួមគ្នាធ្វើ អនាម័យក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាតនៅតាមទីកន្លែរស់នៅ៕